ឥណ្ឌា ដាក់សំណើឱ្យក្រុមហ៊ុនផលិតទូរសព្ទឆ្លាតវៃ ចែករំលែកកូដសម្ងាត់ ក្នុងផែនការកែទម្រង់សន្តិសុខ
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌា បានដាក់ចេញនូវសំណើសន្តិសុខដ៏តឹងរ៉ឹងមួយ ដោយតម្រូវឱ្យក្រុមហ៊ុនទូរសព្ទធំៗ ដូចជា Apple, Samsung និង Google ចែករំលែកកូដបញ្ជាកម្មវិធី (Source Code) និងអនុញ្ញាតឱ្យរដ្ឋាភិបាលត្រួតពិនិត្យសូហ្វវ៊ែ (Software) របស់ពួកគេ។ គោលដៅចម្បង គឺដើម្បីទប់ស្កាត់ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងការលួចទិន្នន័យនៅក្នុងទីផ្សារឥណ្ឌា។ ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យាបានជំទាស់យ៉ាងខ្លាំង ដោយបារម្ភថា វានឹងធ្វើឱ្យបែកធ្លាយការសម្ងាត់ពាណិជ្ជកម្ម និងប៉ះពាល់ដល់ឯកជនភាពរបស់អ្នកប្រើប្រាស់ ។
ចំណុចរសើបបំផុតគឺការបង្ខំឱ្យចែករំលែកកូដបញ្ជាកម្មវិធី ឬ Source Code ដែលជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុននីមួយៗ។ រដ្ឋាភិបាលឥណ្ឌាចង់យកកូដទាំងនោះ ទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍រដ្ឋ ដើម្បីធានាថាគ្មានចន្លោះប្រហោង ឬការលួចដំឡើងកម្មវិធីស៊ើបការណ៍។ ក្រុមហ៊ុននានាបានឆ្លើយតបថា សំណើនេះមិនធ្លាប់មានពីមុនមកឡើយនៅក្នុងទីផ្សារធំៗដូចជា សហភាពអឺរ៉ុប ឬសហរដ្ឋអាម៉េរិក។
ក្រៅពីកូដសម្ងាត់ ឥណ្ឌាក៏ចង់ឱ្យមានការផ្លាស់ប្តូរមុខងារទូរសព្ទមួយចំនួន ដូចជាការអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុបកម្មវិធីដែលក្រុមហ៊ុនដាក់មកស្រាប់ និងរឹតបន្តឹងមិនឱ្យកម្មវិធីលួចចូលប្រើប្រាស់កាមេរ៉ា ឬមីក្រូហ្វូនខណៈម្ចាស់ទូរសព្ទមិនបានកំពុងបើកកម្មវិធី។ លើសពីនេះ ក្រុមហ៊ុនត្រូវតែជូនដំណឹងដល់រដ្ឋាភិបាល រាល់ពេលមានការធ្វើបច្ចុប្បន្នភាព ឬ Update កម្មវិធីថ្មីៗ ដើម្បីឱ្យអាជ្ញាធរមានសិទ្ធិត្រួតពិនិត្យ និងធ្វើតេស្តមុននឹងបញ្ចេញសម្រាប់អ្នកប្រើប្រាស់ទូទៅ ។
តំណាងក្រុមហ៊ុនបច្ចេកវិទ្យា (MAIT) បានស្នើឱ្យរដ្ឋាភិបាលបោះបង់សំណើនេះ ដោយលើកឡើងពីបញ្ហាបច្ចេកទេស។ ពួកគេពន្យល់ថា ការស្កែនរកមេរោគជាប្រចាំនឹងធ្វើឱ្យទូរសព្ទឆាប់អស់ថ្ម ហើយការរក្សាទុកប្រវត្តិសកម្មភាពរហូតដល់ ១ ឆ្នាំ គឺមិនអាចធ្វើទៅបានទេ ព្រោះមិនមានទំហំអង្គចងចាំគ្រប់គ្រាន់។ ម្យ៉ាងទៀត ការសុំការអនុញ្ញាតពីរដ្ឋាភិបាលរាល់ពេល Update គឺជារឿងមិនសមហេតុផល ព្រោះការធ្វើបច្ចុប្បន្នភាពកម្មវិធីត្រូវការធ្វើឡើងភ្លាមៗ ។
ទោះបីជាមានការជំទាស់ក៏ដោយ រដ្ឋាភិបាលឥណ្ឌា ហាក់ដូចជាកំពុងរុញច្រានឱ្យសំណើនេះក្លាយជាច្បាប់ពេញលេញ។ ទោះបីជាមន្ត្រីឥណ្ឌានិយាយថា ពួកគេនឹងស្ដាប់ក្ដីបារម្ភរបស់ក្រុមហ៊ុន ប៉ុន្តែប្រវត្តិសាស្ត្រនាពេលកន្លងមកបង្ហាញថា ឥណ្ឌាតែងតែផ្តល់អាទិភាពលើសន្តិសុខជាតិជាធំ។ កិច្ចពិភាក្សាសំខាន់រវាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យានឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ទី១៣ ខែមករា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ New York Post | រូបភាព៖ Sources via New York Post