ការនាំចេញមីកញ្ចប់របស់កូរ៉េ កើនឡើង ២២% ក្នុងតម្លៃជាង ១,៥ ពាន់លានដុល្លារអាម៉េរិក
កូរ៉េខាងត្បូង៖ ក្នុងឆ្នាំ ២០២៥ ការនាំចេញមីកញ្ចប់របស់ប្រទេសកូរ៉េខាងត្បូង បានហក់ឡើងហួសពី ១,៥ ពាន់លានដុល្លារ (ប្រហែល ២,២២ ពាន់ពាន់លានវ៉ុន) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ការរីកចម្រើននេះ កើតចេញពីចំណាប់អារម្មណ៍របស់មនុស្សនៅជុំវិញពិភពលោកតាមរយៈការទស្សនាខ្សែភាពយន្ត និងវប្បធម៌របស់កូរ៉េ បូករួមនឹងបញ្ហាទំនិញឡើងថ្លៃនៅទូទាំងពិភពលោកផងនោះ មីកញ្ចប់បានក្លាយជាជម្រើសអាហារដែល «មានតម្លៃសមរម្យ» សម្រាប់មនុស្សទូទៅ ។
យោងតាមទិន្នន័យពីពន្ធដារកូរ៉េ កាលពីថ្ងៃទី១១ ខែមករា បានឱ្យដឹងថា ការនាំចេញមីកញ្ចប់កាលពីឆ្នាំ ២០២៥ មានតម្លៃសរុប ១,៥២១ ពាន់លានដុល្លារ។ ចំនួននេះកើនឡើង ២២% បើធៀបនឹងឆ្នាំ ២០២៤ (ដែលមានតម្លៃត្រឹមតែ ១,២៤៨ ពាន់លានដុល្លារ)។ បើក្រឡេកទៅមើលឆ្នាំ ២០២៣ វិញ ការនាំចេញផលិតផលមួយនេះ មានតម្លៃមិនទាន់ដល់ ១ ពាន់លានដុល្លារផង ប៉ុន្តែត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ តួលេខនេះបានកើនឡើងជិតទ្វេដង រហូតដល់ ៦០% ។
ការញ៉ាំមីកញ្ចប់របស់កូរ៉េ ដែលពីមុនល្បីតែនៅតំបន់អាស៊ី ឥឡូវនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សទៅដល់ទីផ្សារប្រទេសលោកខាងលិច។ បើគិតតាមប្រទេស ការនាំចេញទៅប្រទេសចិន ឈរនៅលំដាប់លេខ១ (ក្នុងតម្លៃ ៣៨៥ លានដុល្លារ) បន្ទាប់មកគឺសហរដ្ឋអាម៉េរិក ឈរនៅលេខរៀងទី២ (ក្នុងរង្វង់ ២៥៥ លានដុល្លារ)។ ចំណែកប្រទេសហូឡង់ដ៍ បានហក់ឡើងមកលេខ៤ បន្ទាប់ពីប្រទេសជប៉ុន ខណៈការនាំចេញទៅចិន និងអាម៉េរិកបូកបញ្ចូលគ្នា មានចំនួនច្រើនជាង ៤០% នៃការនាំចេញសរុប ។
សូម្បីតែវចនានុក្រមអុកហ្វដ (Oxford) របស់អង់គ្លេស ក៏ទើបតែបានដាក់បញ្ជូលពាក្យរ៉ាមយឺន “ramyeon” ជាពាក្យថ្មី ដើម្បីសម្គាល់ឱ្យដាច់ដោយឡែកពីមី រ៉ាមែន (ramen) របស់ជប៉ុនផងដែរ។ អ្នកវិភាគយល់ថា រសជាតិហឹរ និងតម្លៃសមរម្យ បានធ្វើឱ្យអ្នកទិញប្តូរទម្លាប់ពីការទិញញ៉ាំសាកល្បងម្ដងម្កាល មកជាការទិញញ៉ាំជាប្រចាំរាល់ថ្ងៃវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Chosun Daily | រូបភាព៖ kedglobal.com/ Yonhap/ korea.net