មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ បញ្ជាក់ពីការកសាងរូបសំណាកព្រះពោធិសត្វលោកកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ បន្ទាប់ពីមានការរិះគន់
ឧត្តរមានជ័យ៖ បន្ទាប់ពីមានការបង្ហោះពីរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ ដែលជាសមិទ្ធផលថ្មីមួយរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកំពុងលេចធ្លោត្រដែត បន្ទាប់ពីសង្គ្រាមឈ្លានពានសៀម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ របស់ផេកផ្លូវការ លោក មាន ចាន់យ៉ាដា អភិបាលខេត្ត ឃើញថាមានបុគ្គល និងសាធារណជនមួយចំនួនបានយករូបភាពទាំងនោះមកបង្ហោះបន្តសរសេររិះគន់ និងខ្លះចូលបញ្ចេញមតិថាមិនគួរណាយករូបព្រះពុទ្ធមកធ្លាក់ដាក់នៅជើងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាទេពព្រហ្មញ្ញសាសនា ដែលជាការប្រមាថ និងធ្វើឱ្យអាប់ឱនដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ជាដើម។
ទាក់ទងនឹងបញ្ហានេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បញ្ជាក់ដល់សាធារណជនឱ្យបានជ្រាបថាចំពោះរូបសំណាករង្វង់មូលខេត្តឧត្តរមានជ័យនេះគឺជារូបរបស់ព្រះពោធិសត្វលោកេស្វរៈ ធ្វើពីថ្មភក់ ព្រះហស្តប្រាំបីកាន់កេតនភណ្ឌ ផ្សេងៗ មានធ្លាក់រូបព្រះពុទ្ធតូចៗ នៅលើព្រះកាយ និងព្រះបាទា ដែលធ្លាក់ចម្លងតាមទម្រង់រូបបុរាណ ដែលដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា និងរូបមួយចំនួនតាំងនៅអភិរក្សដ្ឋានអង្គរ ហើយស្ថិតក្នុងសម័យអង្គរ រចនាបថបាយ័ន នាចុងស.វ ទី១២ ដើម ស.វ ទី១៣ ជារូបនៅក្នុងពុទ្ធសាសនាមហាយាន ដែលមានការគោរពប្រណិប័តន៍យ៉ាងមុតមាំ និងមានឥទ្ធិពលនៅក្នុងសង្គមខ្មែរតាំងពីសម័យបុរាណមកម្លេះ ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលក្នុងនោះមានប្រាសាទជាច្រើនដែលតម្កល់ និងធ្លាក់បង្ហាញនៅលើជញ្ជាំង នូវរូបព្រះពោធិសត្វលោកេស្វរៈអង្គនេះ មានដូចជា ប្រាសាទតាព្រហ្ម (ទន្លេបាទី) ប្រាសាទបាកាណ ប្រាសាទបន្ទាយឆ្មារ ប្រាសាទមួយចំនួនក្នុងតំបន់អង្គរ ជាដើម។
សព្វថ្ងៃមានរូបព្រះពោធិសត្វលោកេស្វរៈជាច្រើនដែលបានតម្កល់នៅតាមសារមន្ទីរនានា និងនៅអភិរក្សដ្ឋានអង្គរដែលសាធារណជនអាចចូលទៅទស្សនា និងសិក្សាឈ្វេងយល់បន្ថែម។ ដូចនេះសាធារជនមេត្តាជ្រាបជាព័ត៌មាន និងកុំយល់ច្រឡំថា ជារូបព្រះវិស្ណុ ព្រោះការធ្លាក់ឡើងសុទ្ធតែបានចម្លងចេញរូបលោកេស្វរៈប្រភពដើម ដែលមានការគោរពនៅក្នុងសង្គមខ្មែរតាំងពីបុរាណរៀងមក៕