លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំមូលនិធិ Rise For Khmer ប្រគល់អំណោយជូនជនជនភៀសសឹក ១៨០០គ្រួសារនៅខេត្តសៀមរាប
សៀមរាប៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយនឹងផលិតកម្មបារមី, ក្រុមហ៊ុនសប្បាយតារា (បារាំង) នៃព្រឹត្តិការណ៍ Rise For Khmer ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនរូប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បាននាំយកសម្ភារប្រើប្រាស់ និងស្បៀងអាហារ ទៅចែកជូនបងប្អូនជនភៀសសឹក, ក្រុមគ្រួសារកងទ័ព និងវីរកងទ័ពចំនួន ១៨០០គ្រួសារ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ខេត្តសៀមរាប។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា Rise For Khmer គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រី ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ, ផលិតកម្មបារមី និងក្រុមហ៊ុនសប្បាយតារា (ប្រទេសបារាំង) ដោយមានការឧបត្ថម្ភធំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, ក្រុមហ៊ុន ជីប ម៉ុង លែន និងក្រុមហ៊ុន OCIC កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងនាំយកសិល្បៈវប្បធម៌ដ៏ល្អផូរផង់កម្ពុជាទៅបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបន្តថា Rise For Khmer ក៏ជាស្មារតីរួមនៃការងារមនុស្សធម៌ដ៏អស្ចារ្យ ក្នុងការកៀរគរថវិកាជួយដល់ប្រជាជនកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃ ដែលទទួលរងផលប៉ះពាល់ពីការឈ្លានពាន, បាញ់ប្រហារយ៉ាងព្រៃផ្សៃពីកម្លាំងយោធាប្រទេសថៃ។ ហើយព្រឹត្តិការណ៍ Rise For Khmer ក៏ជាការនាំសារដ៏សំខាន់ពីកម្ពុជា ទៅប្រាប់ពិភពលោកឱ្យច្បាស់ថា ប្រទេសថៃ គឺជាអ្នកបង្កសង្គ្រាម ជាអ្នកឈ្លានពាន តែប្រទេសថៃតែងបំភ្លៃ និងសម្តែងថា ខ្លួនជាប្រទេសរងគ្រោះដោយគ្មានភាពអៀនខ្មាស។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបញ្ជាក់ថា តាមរយៈភាពជោគជ័យនៃព្រឹត្តិការណ៍ Rise For Khmer នៅទីក្រុងប៉ារីស ប្រទេសបារាំង យើងបានទទួលថវិកាសរុបប្រមាណ ៨ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីនាំយកមករៀបចំកម្មវិធីសប្បុរសធម៌ជូនពុកម៉ែ បងប្អូនជនភៀសសឹក និងវីរកងទ័ពរបស់យើងជាបន្តបន្ទាប់។
នៅចំពោះមុខជនភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព លោកជំទាវអ្នកឧកញ៉ា បានមានប្រសាសន៍ទាំងអារម្មណ៍ក្តុកក្តួលថា៖ «ពួកយើងពិតជាយល់ពីអារម្មណ៍នៃការបាត់បង់ អារម្មណ៍នៃការភ័យក្លាច អារម្មណ៍នៃការនិរាស្ត្រព្រាត់ប្រាស់។ ប៉ុន្តែភាពឈឺចាប់របស់បងប្អូនជាការឈឺចាប់របស់ប្រជាជនកម្ពុជាទាំង ១៧លាននាក់នៅកម្ពុជា និងរាប់លាននាក់ទៀតនៅជុំវិញពិភពលោក។ ដូច្នេះសូមបងប្អូនកុំមានភាពឯកា ពួកយើងត្រូវតែតស៊ូ ពង្រឹងសាមគ្គីភាព កាន់ដៃគ្នាទប់ទល់នឹងការឈ្លានពានមួយនេះ។ ប្រវត្តិសាស្ត្រ បានប្រាប់យើងថា យើងជាម្ចាស់ទឹកដី យើងជាកូនចៅរបស់បុព្វបុរសកសាងប្រាសាទបុរាណដ៏អស្ចារ្យ យើងនឹងឈ្នះ ហើយប្រទេសបង្កនឹងទទួលផលកម្ម»។
ក្នុងឱកាសនោះដែរ ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសៀមរាប មានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ និងថ្លែងអំណរគុណដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយនឹងផលិតកម្មបារមី, ក្រុមហ៊ុនសប្បាយតារា, ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, ក្រុមហ៊ុន ជីប ម៉ុង លែន និងក្រុមហ៊ុន OCIC ដែលបាននាំយកសម្ភារប្រើប្រាស់និងស្បៀងអាហារ មកចែកជូនជនភៀសសឹកដោយផ្ទាល់នៅខេត្តសៀមរាបនេះ។
ឯកឧត្តម សំកុល សុចិត្រា បានបន្តថា គិតមកដល់ពេលនេះ នៅស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលជនភៀសសឹកចំនួនជាង ៦ពាន់គ្រួសារ ស្មើនឹងជិត ២ម៉ឺននាក់ ខណៈមានបទឈប់បាញ់មានជនភៀសសឹកមួយចំនួនធំបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដែលក្នុងនេះ ជនភៀសសឹកបន្តស្នាក់នៅជាង ២ពាន់គ្រួសារ ស្មើនឹងជាង ៨ពាន់នាក់ ដោយស្នាក់នៅតាមមណ្ឌលសុវត្ថិភាពមាន ៦ទីតាំង និងស្នាក់នៅតាមខ្នងផ្ទះមានប្រមាណជិត ៨០០គ្រួសារ។
ឯកឧត្តម សំកុល សុចិត្រា បានគូសបញ្ជាក់ថា ជនភៀសសឹកដែលបានបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ មូលហេតុដោយសារតែផ្ទះសម្បែងរបស់ពួកគាត់នៅតែប្រឈមគ្រាប់ដែលមិនទាន់បានដោះនិងមិនទាន់បានដកចេញនៅឡើយទេ ដូច្នេះអាជ្ញាធរថ្នាក់ជាតិ កំពុងតែស្វះស្វែងនិងរូតរះនៅក្នុងការរៀបចំលំនៅឋានក្នុងតំបន់របស់គាត់ឲ្យមានសុវត្ថិភាពសិនទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី, ប៉ក់ សុឃីម, អ៊ុន ផាន់ណាត