ប្រធានាធិបតីត្រាំ បង្ហើបថាអ៊ីរ៉ង់មានបំណងចរចា ស្របពេលតួលេខអ្នកស្លាប់ក្នុងបាតុកម្មហក់ឡើងដល់ ៥៩៩ នាក់
សហរដ្ឋអាម៉េរិក៖ ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានកើនឡើងដល់ចំណុចក្តៅ បន្ទាប់ពីមានការបង្ក្រាបយ៉ាងខ្លាំងក្លាលើបាតុកម្មក្នុងប្រទេសអ៊ីរ៉ង់។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងតេហ៍រ៉ង់កំពុងព្យាយាមសុំចរចា បន្ទាប់ពីលោកបានព្រមានប្រើកម្លាំងយោធាវាយប្រហារ ។
ស្របពេលជាមួយគ្នានេះ របាយការណ៍សិទ្ធិមនុស្សបង្ហាញថា ចំនួនអ្នកស្លាប់បានកើនឡើង ៥៩៩នាក់ និងមនុស្សជាង ១ម៉ឺននាក់ត្រូវអាជ្ញាធរចាប់ខ្លួន ជុំវិញព្រឹត្តិការណ៍បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលអូសបន្លាយពេល ២ សប្តាហ៍មកហើយ ។
ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ច លោកត្រាំ បានប្រកាសដាក់ពន្ធ ២៥% ភ្លាមៗលើប្រទេសណាដែលបន្តរកស៊ីជាមួយអ៊ីរ៉ង់ ដែលក្នុងនោះរួមមានប្រទេសធំៗដូចជា ចិន ប្រេស៊ីល និងតួកគីយ៉េ ជាដើម។ សេតវិមានបានបញ្ជាក់ថា ទោះបីជាមានការផ្ញើសារសម្ងាត់សុំចរចាពីអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែជម្រើសវាយប្រហារតាមផ្លូវយោធានៅតែមានការរៀបចំទុកជាស្រេច ។
ចំណែកឯខាងមេដឹកនាំអ៊ីរ៉ង់ និងមន្ត្រីអ៊ីរ៉ង់ឯណោះវិញ បានបង្ហាញជំហរពីរផ្សេងគ្នា ដោយម្ខាងបានទម្លាក់កំហុសលើអាម៉េរិក និងអ៊ីស្រាអ៊ែលថាជាអ្នកបង្កឱ្យមានអំពើហិង្សា ប៉ុន្តែម្ខាងទៀតនិយាយថា អ៊ីរ៉ង់នៅតែបើកចំហសម្រាប់ការចរចា ប្រសិនបើអាម៉េរិកឈប់ប្រើវិធីសាស្ត្របង្ខំ ។
រហូតមកដល់ពេលនេះ បើទោះបីជារដ្ឋាភិបាលអ៊ីរ៉ង់ អះអាងថា ពួកគេអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងក៏ដោយ ប៉ុន្តែវីដេអូដែលបង្ហោះនៅតាមបណ្តាញសង្គម បង្ហាញថា ការតវ៉ានៅតែបន្តកើតមាន ខណៈសហគមន៍អន្តរជាតិ បារម្ភថា ការបិទខ្ទប់ព័ត៌មានគឺជាឱកាសឱ្យកងកម្លាំងសន្តិសុខអ៊ីរ៉ង់ប្រើអំពើហិង្សាកាន់តែខ្លាំងលើប្រជាជនខ្លួនឯង។ ពេលនេះ ពិភពលោកកំពុងតាមដានមើលថា តើបញ្ហានេះនឹងបញ្ចប់ដោយការចរចា ឬក៏ឈានទៅរកសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP | រូបភាព៖ VIORY