ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអាម៉េរិក ប៉ុន្តែក្រើនរំឭកថា រុស្ស៊ីនឹងវាយប្រហារទ្រង់ទ្រាយធំក្នុងពេលឆាប់ៗ

image

អ៊ុយក្រែន៖ ថ្លែងចេញពីរដ្ឋធានីគីវ កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) លើកឡើងថា អ៊ុយក្រែនកំពុងរៀបចំឯកសារចុងក្រោយជាមួយសហរដ្ឋអាម៉េរិក សម្រាប់កិច្ចព្រមព្រៀងសន្តិសុខ ហើយឯកសារទាំងនោះគឺ «ជិតរួចរាល់ហើយសម្រាប់ចុះហត្ថលេខា» ។

លោកបញ្ជាក់ថា «យើងកំពុងសម្របសម្រួលជាមួយតំណាងរបស់លោកប្រធានាធិបតី ត្រាំ អំពីកាលវិភាគនៃជំនួបផ្សេងៗ។ ឯកសាររបស់យើងគឺរួចរាល់ស្ទើរតែទាំងស្រុងហើយ ដោយយើងរំពឹងថា វេទិកាសេដ្ឋកិច្ចពិភពលោកដាវ៉ូស (Davos) នៅឆ្នាំនេះ នឹងផ្តល់ផលវិជ្ជមាន ជាពិសេសលើទំនាក់ទំនងជាមួយដៃគូ និងការស្តារប្រទេសឡើងវិញក្រោយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ ឥឡូវនេះ មន្ត្រីរដ្ឋាភិបាលត្រូវតែពិនិត្យឱ្យបានច្បាស់លើឯកសារកិច្ចព្រមព្រៀងសេដ្ឋកិច្ចនីមួយៗ ដើម្បីធានាថាផលប្រយោជន៍របស់អ៊ុយក្រែនត្រូវបានការពារទាំងស្រុង»។ លោកបានបន្ថែមថា ចំណុចសំខាន់ត្រូវផ្ដោតលើរឿងសេដ្ឋកិច្ច ដើម្បីឱ្យអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងមួយដែល «យុត្តិធម៌» ។

លោក ហ្សេឡេនស្គី ក៏បានព្រមានដែរថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារ «ទ្រង់ទ្រាយធំ» មកលើអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកថា «យោងតាមព័ត៌មានសម្ងាត់ រុស្ស៊ីកំពុងត្រៀមប្រើដ្រូនដើម្បីធ្វើឱ្យប្រព័ន្ធការពារអាកាសរបស់យើងអស់គ្រាប់ និងប្រើមីស៊ីលវាយប្រហារបន្ថែម ដោយពួកគេចង់ឆ្លៀតឱកាស អំឡុងអាកាសធាតុចុះត្រជាក់ខ្លាំង ហើយការវាយប្រហារ អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ» ។

ក្នុងថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការណាតូ (NATO) លោក ម៉ាក រូតទ័រ (Mark Rutte) បានលើកឡើងថា អ៊ុយក្រែនមិនទាន់សម្រេចចិត្តថាត្រូវកាត់ដីឱ្យរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម ឬយ៉ាងណានោះទេ។ កាលពីថ្ងៃទី៦ ខែមករា កន្លងទៅ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង (Macron) និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក ស្តាម័រ (Stamer) ក៏បានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួម» ជាមួយលោក ហ្សេលែនស្គី ស្តីពីការត្រៀមដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព ប្រសិនបើអ៊ុយក្រែនសម្រេចបាននូវការឈប់បាញ់ជាមួយរុស្ស៊ី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ newsweek.com/ Mandel Ngan/AFP via Getty Images on Fox News/ Roman Pilipey/AFP via Getty Images on Politico