ផ្សារដើមគថ្មី ជាជ្រើសថ្មីសម្រាប់ក្រុមអាជីករនៅផ្សារដើមគចាស់ និងផ្សារនាគមាស
ភ្នំពេញ៖ ក្រុមអាជីវករអ្នកលក់ដូរបន្លែ និងផ្លែឈើ បោះដុំជាច្រើននាក់នៅផ្សារដើមគ និងផ្សារនាគមាស បានសម្រុកទៅសាកសួរព័ត៌មានអំពីតូបលក់ដូរនៅផ្សារដើមគថ្មី ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន ស្ថិតនៅផ្លូវ ឈ្នះ-ឈ្នះ នៅតំបន់អភិវឌ្ឍន៍បឹងតាមោគ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយអ្នកខ្លះជិះរថយន្តក្រុងសាធារណៈ និងអ្នកខ្លះធ្វើដំណើរផ្ទាល់ខ្លួន ខណៈអាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមអនុវត្តការលក់ដូរនៅទីតាំងថ្មីនេះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។
ការបង្កើតទីតាំងផ្សារដើមគថ្មីនេះ មិនមែនមានន័យថា ផ្លាស់ប្តូរទីតាំងផ្សារដើមគចាស់នោះទេ ដោយផ្សារដើមគចាស់ត្រូវរក្សាទុកនៅដដែល ប៉ុន្តែគ្រាន់តែឱ្យអ្នកលក់ដូរបន្លែ-ផ្លែឈើបោះដុំ ដែលគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ លើចិញ្ចើមផ្លូវ នៃមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅជុំវិញតំបន់ផ្សារដើមគចាស់ និងផ្សារនាគមាសតែប៉ុណ្ណោះ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ និងមានហានិភ័យដែលអាចនឹងកើតឡើងជាយថាហេតុ ដោយឱ្យពួកគាត់ទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មីវិញ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ថា មិនមានការផ្លាស់ប្ដូរទីតាំងផ្សារដើមគចាស់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនតូចនោះទេ។ អ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយនោះចំពោះអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ លើចិញ្ចើមផ្លូវមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅជុំវិញតំបន់ផ្សារដើមគតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានព្យាយាមធ្វើការដោះស្រាយចំពោះអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅជុំវិញតំបន់ផ្សារដើមគ និងផ្សារនាគមាស ប៉ុន្តែមិនទាន់ទទួលបានការព្រមព្រៀងពីក្រុមអាជីវករនោះទេ ដោយសារតែពួកគាត់ខ្លាចទៅលក់នៅកន្លែងថ្មីគ្មានអ្នកទៅទិញ និងអ្នកលក់បោះដុំធំៗនៅទីតាំងចាស់មិនព្រមទៅ ហើយពួកគាត់ក៏បានលើកឡើងថា បើប្តូរទៅទីតាំងថ្មីទាល់ទែទៅទាំងអស់គ្នា បើមានការបែកខ្ញែកគ្នាពួកគាត់មិនអាចលកដូរបានឡើយ ទើបធ្វើឱ្យពួកគាត់បន្តនៅទីតាំងចាស់ដដែល។
ទោះជាយ៉ាងនេះក៏ដោយ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឱ្យអ្នកលក់ដូរលើទ្រូង និងចិញ្ចើមផ្លូវនៅផ្សាដើមគចាស់ និងផ្សារនាគមាស ទៅលក់ដូរនៅលក់ដូរនៅទីតាំងថ្មី ដែលការវិនិយោគរបស់ក្រុមហ៊ុនចិន ដោយបានសាងសង់ផ្សារបោះដុំអាស៊ានអន្តរជាតិ ឬហៅថា ផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ ដែលមានស្តង់លក់ដូរចំនួន ៦០០០ស្តង់ គឺជាផ្សារបោះដុំដ៏ធំមួយនៅរាជធានីភ្នំពេញ។ ចំពោះចំណាត់ការនេះអាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ហើយអ្នកដែលទៅលក់នៅទីតាំងថ្មីនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា មិនគិតថ្លៃតូប ថ្លៃទឹកភ្លើងរយៈពេល ៦ខែ ដើម្បីជួយសម្រួលដល់ក្រុមអាជីវករឱ្យដំណើរការលក់ដូរទៅដោយរលូន ដោយមិនមានការព្រួយបារម្មណ៍៕