តុលាការអន្តរជាតិ ICJ ចាប់ផ្តើមសវនាការលើករណីអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា ខណៈមីយ៉ាន់ម៉ាបដិសេធរាល់ការចោទប្រកាន់
ឡាអេ, ហូឡង់ដ៍៖ តាមការចុះផ្សាយពីសារព័ត៌មាន UN News និង VIORY កាលពីថ្ងៃទី១២ ខែមករា ឱ្យដឹងថា តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅដើមសប្ដាហ៍នេះ បានបើកសវនាការជាសាធារណៈលើករណីដែលមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ។
ករណីនេះ ប្តឹងដោយប្រទេសហ្គាំប៊ី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយត្រូវសហគមន៍រ៉ូហ៊ីងយ៉ា ចាត់ទុកថា ជាឱកាសដ៏សំខាន់បំផុតក្នុងការស្វែងរកយុត្តិធម៌ បន្ទាប់ពីពួកគេទទួលរងនូវទុក្ខវេទនា និងការធ្វើទុក្ខបុកម្នេញជាច្រើនឆ្នាំ រហូតត្រូវរត់ភៀសខ្លួនទៅរស់នៅក្នុងជំរំនៅឯបរទេសយ៉ាងលំបាកវេទនា ។
ទោះជាបែបណាក្ដី ភាគីមីយ៉ាន់ម៉ានៅតែបន្តបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ដោយអះអាងថា សកម្មភាពយោធាកាលពីឆ្នាំ២០១៧ គឺជាការការពារខ្លួន និងជាការបង្ក្រាបក្រុមឧទ្ទាមតែប៉ុណ្ណោះ។ ក្រុមមេធាវីការពារក្តីរបស់មីយ៉ាន់ម៉ា ក៏បានរិះគន់របាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិថា មិនមានភាពត្រឹមត្រូវ និងមានភាពលម្អៀង ខណៈដែលភាគីមីយ៉ាន់ម៉ានឹងឡើងបកស្រាយការពារខ្លួននៅពាក់កណ្តាលខែមករានេះ ដើម្បីឆ្លើយតបនឹងភស្តុតាងនានា ។
សវនាការនេះនឹងបន្តរយៈពេលជិត ៣ សប្តាហ៍ ដោយមានការស្ដាប់សក្ខីកម្មសម្ងាត់ពីជនរងគ្រោះ ដើម្បីធានាសុវត្ថិភាពដល់ពួកគេ។ ទោះជាយ៉ាងណាក្ដី ការសម្រេចក្តីចុងក្រោយអាចនឹងត្រូវចំណាយពេលរហូតដល់មួយឆ្នាំ ហើយអ្វីដែលជាបញ្ហាប្រឈមនោះគឺ តុលាការអន្តរជាតិមួយនេះមិនមានអំណាចក្នុងការបង្ខំឱ្យប្រទេសណាមួយអនុវត្តតាមសាលក្រមរបស់ខ្លួនឡើយ ដែលវាជាកង្វល់មួយសម្រាប់កិច្ចការយុត្តិធម៌អន្តរជាតិ ។
បច្ចុប្បន្ន ជនជាតិរ៉ូហ៊ីងយ៉ាជាង ៧៤ម៉ឺននាក់ នៅតែបន្តរស់នៅក្នុងជំរំជនភៀសខ្លួនដ៏ធំក្នុងប្រទេសបង់ក្លាដេស្ហ ដោយពឹងផ្អែកទាំងស្រុងលើជំនួយពីបរទេស។ សម្រាប់ពួកគេ សវនាការនៅតុលាការ ICJ គឺជាក្ដីសង្ឃឹមចុងក្រោយ ក្នុងការទទួលបានការទទួលស្គាល់ពីភាពឈឺចាប់របស់ពួកគេ និងជាផ្លូវមួយដែលអាចឱ្យពួកគេវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព និងមានសិទ្ធិសេរីភាពពេញលេញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ UN News/ VIORY | រូបភាព៖ ICJ via UN News/ Shafiqur Rahman via AP/ Patrick Brown on UNICE/ VIORY