លោក ឃួង ស្រេង៖ នៅថ្ងៃទី១៨ ខែមករា អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តវិធានការឱ្យអ្នកលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៨ មករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ ដូរបន្លែ និងផ្លែឈើគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ គឺមិនអនុញ្ញាតិឱ្យពួកគាត់លក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងលើចិញ្ចើមផ្លូវតទៀតទេ។
ការបញ្ជាក់របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមមហាវិថី ម៉ៅ សេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគ មានចំនួនជាង ៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ ខែមករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។ រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូង និងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។”
លោក ឃួង ស្រេង បានបញ្ជាក់ថា កន្លងមកមិនទាន់មានទីតាំងសម្រាប់អាជីវករលក់ដូរ តែពេលនេះអាជ្ញាធរ មានទីតាំងសម្រាប់អាជីវករហើយ ទើបអាជ្ញាធរ ឱ្យអាជីវករចាកចេញពីលើទ្រូង និងចិញ្ចើមផ្លូវទាំងនេះ។ ចំពោះអាជីវករ ដែលផ្លាស់ទៅទីតាំងថ្មីនេះ នឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ អំពើការងាររក្សាសន្តិសុខ សុវត្ថិភាព ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ ជាមួយនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទបានជាបន្តបន្ទាប់ផងដែរ រហូតរដ្ឋបាលរាជធានី ទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងារជួយឧបត្ដមចំពោះវីរកងទ័ពជួរមុខ និងជនភៀសសឹកផងដែរ ដោយលោក បានបញ្ជាក់ថា អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអំណោយរបស់សប្បុរសជននានាដែលបានប្រគល់ជូនមករដ្ឋបាលរាជធានី គឺបានបញ្ជូនដល់ដៃវីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងជនភៀសសឹកយ៉ាងពិតប្រាកដ ដែលបង្ហាញឱ្យឃើញពីការសាមគ្គីភាពជាធ្លុងមួយ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា កន្លងមកនេះ មានសារព័ត៌មានមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានមិនពិត ថា ផ្សារដើមគ ត្រូវផ្លាស់ប្តូរទីតាំងថ្មី តែធាតុពិត ផ្សារដើមគ មិនត្រូវបានផ្លាស់ប្តូរនោះទេ អ្វីដែលត្រូវផ្លាស់ប្តូរ គឺអ្នកលក់ដូរបន្លែ ផ្លែឈើ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវ នៃមហាវិថី ម៉ៅ សេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមគប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរទៅទីតាំងផ្សារដើមគថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅ៕