សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX របស់សហរដ្ឋអាម៉េរិក ចំនួន ១០គ្រឿង ជាផ្លូវការរួចរាល់ហើយ

image

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា បានបញ្ចប់ការបញ្ជាទិញយន្តហោះប្រភេទ យន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX) របស់សហរដ្ឋអាម៉េរិក ចំនួន ១០គ្រឿងជាផ្លូវការរួចរាល់ហើយ ដែលបង្ហាញពីការជឿជាក់យ៉ាងខ្លាំងលើកំណត់ត្រាសុវត្ថិភាព សមត្ថភាពបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយនវានុវត្តន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់យន្តហោះប្រភេទនេះ។

កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួល បន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អមដោយមន្ត្រីជំនាញជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/ K6) បានអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការ និងស្វែងយល់ពីក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) នៅទីក្រុង Seattle សហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោក។

អំឡុងពេលទស្សនកិច្ច លោកបណ្ឌិតរដ្ឋមន្ត្រី និងគណៈប្រតិភូបានទស្សនា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់ប៊ូអ៊ីង (Boeing) ដោយទទួលបានចំណេះដឹងបន្ថែមអំពីបច្ចេកវិទ្យាផលិត និងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ប្រព័ន្ធពិនិត្យ និងធានាគុណភាព (Quality Control and Assurance Systems) និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព អនុលោមតាមស្តង់ដាជាតិ និងអន្តរជាតិ។

ជាមួយគ្នានោះដែរ គណៈប្រតិភូក៏បានធ្វើការពិភាក្សាអំពីលក្ខណ្ឌបច្ចេកទេស និងប្រតិបត្តិការយ៉ាងលម្អិតផ្តោតលើយន្តហោះក្នុងចង្កោមគ្រួសារប្រភេទយន្តហោះប៊ូអ៊ីង 737 ម៉ាក្ស (Boeing 737 MAX aircraft family) រួមមានសមត្ថភាពយន្តហោះ, ការកែលម្អសុវត្ថិភាព, ការគាំទ្រការថែទាំ, និងការរៀបចំផែនការចូលប្រើប្រាស់សេវាកម្ម (Entry-into-Service) ផងដែរ។

ដំណើរទស្សនកិច្ចនោះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) ជាពិសេសគាំទ្រដល់ការសម្របសម្រួល ក៏ដូចជាការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិធាន និងបទប្បញ្ញត្តិបច្ចេកទេស ដោយធានាបានថាប្រតិបត្តិការយន្តហោះប្រភេទនេះនាពេលអនាគតត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាពអន្តរជាតិ និងស្តង់ដាលទ្ធភាពហោះហើរយ៉ាងពេញលេញ (fully comply with international safety and airworthiness standards)។

លោកបណ្ឌិតរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/ K6) និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) ដែលបានសម្រេចនូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រលើការទទួល ទិញយន្តហោះ Boeing 737 MAX ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅកម្ពុជាក្នុងឆ្នាំ២០៣១ ខាងមុខនេះ។

សូមរំលឹកថា ក្នុងជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦, ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។

លោកឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/ K6) ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០គ្រឿង ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើង។

ការដាក់ឱ្យប្រើប្រាស់យន្តហោះ Boeing 737 MAX នៅកម្ពុជា នឹងនាំមកនូវសារៈប្រយោជន៍ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖

១. រួមចំណែកដល់ការពង្រឹងចក្ខុវិស័យដល់វិស័យអាកាសចរណ៍កម្ពុជាដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ឱ្យមានការរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា។

២. ឆ្លើយតបទៅនឹងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ និងជួយបំពេញនូវតម្រូវការអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានកំណើនជាមធ្យមដល់ ១៤% ជារៀងរាល់ឆ្នាំ។

៣. ជួយផ្តល់ផលប្រយោជន៍ជាអតិបរិមាណដល់ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជួយសន្សំសំចៃ ប្រេងឥន្ធនៈ ផ្តល់ភាពជឿទុកចិត្តបាននៃប្រព័ន្ធដំណើរការហោះហើរ និងផ្តល់លទ្ធភាពបើកជើងហោះហើរថ្មីបន្ថែមទៀត ទៅកាន់ទីផ្សារអាស៊ាន និងអាស៊ីប៉ាស៊ីហ្វីកឱ្យកាន់តែទូលំទូលាយ។

៤. ជួយបង្កើនសមត្ថភាពអ្នកជំនាញបច្ចេកទេសជនជាតិខ្មែរ ដូចជាអ្នកបើកបរយន្តហោះ វិស្វករយន្តហោះ អ្នកបច្ចេកទេសជួសជុល និងថែទាំយន្តហោះ តាមការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងពីបច្ចេកវិទ្យាយន្តហោះ។

៥. រួមគ្នាក្នុងការបន្តការអភិវឌ្ឍប្រព័ន្ធអាកាសចរណ៍ឆ្លាតវៃសម័យទំនើប ប្រកបដោយចីរភាព និងមានការតភ្ជាប់កាន់តែប្រសើរ ដែលនឹង ពង្រឹងអធិបតេយ្យភាពអាកាសចរណ៍ និងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា, ពង្រីកការតភ្ជាប់អ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ទូទាំងពិភពលោក, ជំរុញកំណើនទេសចរណ៍ និងការវិនិយោគអន្តរជាតិ, បង្កើតការងារអាកាសចរណ៍ដែលមានជំនាញខ្ពស់ និងតម្លៃបន្ថែមដល់ប្រជាជនកម្ពុជា, គាំទ្រពិធីសារអាកាសចរណ៍បៃតង និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងលើកកម្ពស់មុខមាត់អាកាសចរណ៍របស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

កន្លងមកក្នុងអំឡុងទសវត្សរ៍ ទី៩០ និងដើមឆ្នាំ២០០០ កម្ពុជាក៏ធ្លាប់បានប្រើប្រាស់យន្តហោះក្នុងចង្កោមគ្រួសារប្រភេទយន្តហោះប៊ូអ៊ីង (Boeing) តែដោយសារកត្តាសេដ្ឋកិច្ច និងការប្រកួតប្រជែងទីផ្សាអាកាសចរណ៍នៅក្នុងតំបន់ កម្ពុជាក៏ប្តូរទៅប្រើយន្តហោះប្រភេទផ្សេងៗវិញ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia/ K6) នៅតែប្តេជ្ញាចិត្តចំពោះយុទ្ធសាស្ត្រប្រើប្រាស់យន្តហោះដែលមានតុល្យភាព និងប្រកបដោយពិពិធកម្ម ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិការមិនត្រឹមតែជាមួយ ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) ប៉ុណ្ណោះទេ ថែមទាំងជាមួយក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះ COMAC និងក្រុមហ៊ុនផលិតយន្តហោះធំៗមកពីអឺរ៉ុប (Europe) ទៀតផង ដោយធានាបាននូវអព្យាក្រឹតភាពប្រតិបត្តិការ តុល្យភាព ឧត្តមភាពសុវត្ថិភាព និងភាពធន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍៕