ព័ត៌មានជាតិ

នគរបាលខេត្តរតនគិរី បានចុះបង្ក្រាបបទល្មើសព្រៃឈើមួយករណី ដោយរឹបអូសឈើសុក្រំមួយចំនួន ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ

image

រតនគិរី៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី,នៅវេលាម៉ោង ៣៖៣០នាទី ទៀបភ្លឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំ បានចុះបង្ក្រាបបទល្មើសព្រៃឈើមួយករណី ដោយរឹបអូសចាប់ឈើសុក្រំចំនួន ២២ដុំ ដែលឈ្មួញដឹកមកលក់តាមរោងសិប្បកម្មនានានៅក្រុងបានលុង នៅត្រង់ចំណុច ភូមិទុស ឃុំតាអង ស្រុកកូនមុំ។

លោកវរសេនីយ៍ទោ លឹម ឡេងលីហួរ នាយការិយាល័យប្រឆាំងបទល្មើសនៃស្នងការនគរបាលខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ CNC ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឱ្យដឹងថា អ្នករកស៊ីដឹកឈើយ៉ាងសកម្មនេះមានឈ្មោះ ឈៀង តុងហាន មានទីលំនៅទល់មុខវត្តអូរជុំ ស្រុកអូរជុំ មានមុខរបរជាអ្នកសារព័ត៌មាន (កាន់បណ្ណព័ត៌មានច្រើនអង្គភាព) ហើយឈើសុក្រំដែលបង្ក្រាបបាន មានចំនួន ២២ដុំ។

លោកបន្តថា ឈើសុក្រំ ដែលកម្លាំងបង្ក្រាបបានខាងលើនេះបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃលំផាត់ ដើម្បីចាត់ចែងតាមច្បាប់ព្រៃឈើ។
ប្រភពព័ត៌មានដោយឡែកមួយទៀត បានប្រាប់ឱ្យដឹងទៀតថា លោក ឈៀង តុងហាន ដែលមានមុខរបរជាមេល្បែងស៊ីសង និងជាឈ្មួញរកស៊ីឈើប្រចាំស្រុកអូរជុំ កន្លងទៅមានជាប់បណ្តឹងច្រើនករណីនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរី ប៉ុន្តែបែរជារួចផុតពីសំណាញ់ច្បាប់រហូត៕

អត្ថបទ៖ ប៉េស សារី