ក្រុមហ៊ុនផលិតអាហារឈានមុខមួយនៅវៀតណាម ត្រូវបិទទ្វាររោងចក្រ ក្រោយរកឃើញសាច់ជ្រូកមានមេរោគប៉េស្តជ្រូកអាហ្វ្រិក
វៀតណាម៖ ក្រុមហ៊ុន ហាឡុង កឹងហ្វូកូ (Halong Canfoco) បានសម្រេចបិទរោងចក្រកែច្នៃអាហារមួយកន្លែង ក្នុងចំណោមរោងចក្រទាំងបីរបស់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីអាជ្ញាធរបានរកឃើញសាច់ជ្រូកមានជំងឺចំនួន ១៣០ តោននៅក្នុងនោះ។ ការផ្អាកដំណើរការរោងចក្រនៅទីក្រុងហៃហ្វុង (Hai Phong) កាលពីដើមសប្ដាហ៍នេះ អាចនឹងអូសបន្លាយយូរជាងនេះ ប្រសិនបើចាំបាច់ ។
ក្រុមហ៊ុនបានចាត់តាំងអនុអគ្គនាយក លោក កៅ ញ៉ាត់ហ៊ុយ (Cao Nhat Huy) ឱ្យគ្រប់គ្រងរោងចក្រ និងចាត់ចែងបុគ្គលិកជំនួសវិញ បន្ទាប់ពីអគ្គនាយកក្រុមហ៊ុន លោក ទ្រឿង ស៊ីទាន់ (Truong Sy Toan) ត្រូវសមត្ថកិច្ចក្រុងហៃហ្វុង ចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដើម្បីសាកសួររឿងរក្សាទុកសាច់ជ្រូកដែលមានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិក។ ក្រៅពីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុគ្គលិក ៣ នាក់ទៀតពីផ្នែកគ្រប់គ្រងគុណភាព ដែលជាអ្នកទទួលបន្ទុកពិនិត្យទំនិញដែលទិញចូល ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមហ៊ុនបានយកសាច់ដែលមានមេរោគនោះ ទៅធ្វើជា "សាច់ប៉ាតេ" អស់ជាង ១,៧ តោន ឬស្មើនឹងប្រហែល ១៤,០០០ កំប៉ុង។ អាជ្ញាធរបញ្ជាក់ថា សាច់ជ្រូកដែលមានជំងឺទាំងនោះ គឺទិញមកពីអ្នកផ្គត់ផ្គង់នៅក្នុងខេត្តហុងយិន (Hung Yen) ក្បែរក្រុងហៃហ្វុង ហើយមិនមានឯកសារត្រឹមត្រូវនោះទេ ។
កាលពីសប្តាហ៍មុន បណ្តាផ្សារទំនើបនៅក្នុងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ បានចាប់ផ្តើមដកផលិតផលរបស់ ហាឡុង កឹងហ្វូកូ (Halong Canfoco) ចេញពីលើទីតាំងរបស់ពួកគេ រួមមានទាំងត្រីខកំប៉ុង និងផ្លែឈើកំប៉ុងផងដែរ។ គេដឹងថា រោងចក្រនៅហៃហ្វុង គឺជាមជ្ឈមណ្ឌលផលិតកម្មចម្បងរបស់ក្រុមហ៊ុន ខណៈរោងចក្រពីរទៀតស្ថិតនៅទីក្រុងដាណាង និងខេត្តដុងថាប់ ។
គូសបញ្ជាក់ថា ក្រុមហ៊ុន ហាឡុង កឹងហ្វូកូ (Halong Canfoco) បានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ និងជាក្រុមហ៊ុនផលិតអាហារឈានមុខគេមួយនៅក្នុងប្រទេសវៀតណាម ដែលទទួលបានចំណូលពីការលក់ក្នុងរង្វង់ប្រមាណជា ៦៨២ ពាន់លានដុង (ប្រហែល ២៦ លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ ២០២៤ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express | រូបភាព៖ Le Tan/ Viet Hung via VN Express