ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់នៅអ៊ីរ៉ង់ ចូលរួមដង្ហែក្បួនដើម្បីបង្ហាញការចំពោះគាំទ្ររដ្ឋាភិបាល ខណៈភាពចលាចលកំពុងបន្តអូសបន្លាយ

image



អ៊ីរ៉ង់៖ ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ បានចូលរួមក្នុងក្បួនដង្ហែមួយកាលពីដើមសប្ដាហ៍នេះ នៅខេត្តហ្គីឡាន (Gilan) ភាគខាងកើតរដ្ឋធានីតេហ៍រ៉ង់ ដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាល និងថ្កោលទោសរាល់សកម្មភាពបះបោរដែលបានកើតឡើងក្នុងអំឡុងបាតុកម្មទូទាំងប្រទេសជាច្រើនសប្តាហ៍មកនេះ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញរូបភាពមនុស្សម្នាយ៉ាងច្រើនកុះករដែលចេញមកគាំទ្រអាជ្ញាធរ ខណៈការជួបជុំស្រដៀងគ្នានេះ បានធ្វើឡើងនៅក្នុងទីក្រុងជាច្រើនទៀត ដើម្បីថ្កោលទោសនូវអ្វីដែលពួកគេហៅថាជា «បទឧក្រិដ្ឋរបស់ក្រុមភេរវករប្រដាប់អាវុធ»។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីភាពរឹងមាំ និងសាមគ្គីភាពរបស់រដ្ឋាភិបាល ចំពោះមុខភាពចលាចលដែលបានចាប់ផ្តើមកាលពីចុងខែធ្នូ ។

ភាពវឹកវរនេះ កើតចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ជាពិសេសការឡើងថ្លៃទំនិញ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃលុយអ៊ីរ៉ង់។ ទោះបីជាប្រធានាធិបតីអ៊ីរ៉ង់ បានសន្យាថានឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចដើម្បីឆ្លើយតបនឹងតម្រូវការប្រជាជនក៏ដោយ ប៉ុន្តែលោកក៏បានទម្លាក់កំហុសលើប្រទេសពីខាងក្រៅ ថាជាអ្នកញុះញង់ឱ្យមានភាពចលាចល និងអសណ្តាប់ធ្នាប់ក្នុងប្រទេស ។

បច្ចុប្បន្ន ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ហាក់មានការបែងចែកមតិគ្នាយ៉ាងខ្លាំង រវាងអ្នកដែលចង់ឱ្យមានការផ្លាស់ប្តូរនយោបាយនិងសេដ្ឋកិច្ច និងអ្នកដែលគាំទ្ររបបដឹកនាំបច្ចុប្បន្ន។ ស្ថានការណ៍នេះ នៅតែមានភាពតានតឹងខ្លាំង ហើយគេនៅមិនទាន់ដឹងថា តើការសន្យាកំណែទម្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលអាចដោះស្រាយបញ្ហាបាន ឬក៏ការតវ៉ានឹងបន្តរីករាលដាលកាន់តែខ្លាំងឡើងនោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY