ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងមានភស្តុតាងច្បាស់ៗបញ្ជាក់ថា មានការលូកដៃពីបរទេស

image



អ៊ីរ៉ង់៖ នៅដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araghchi) និយាយថា ទីក្រុងតេហ៍រ៉ង់ មាន «ភស្តុតាងយ៉ាងច្រើន» ដែលបង្ហាញថា មានការលូកដៃពីបរទេសក្នុងបាតុកម្មហិង្សាប្រឆាំងរដ្ឋាភិបាល ដែលបណ្ដាលឱ្យមនុស្សរាប់រយនាក់បាត់បង់អាយុជីវិត ។

លោកអារ៉ាជី (Araghchi) បានអះអាងក្នុងសន្និសីទកាសែតថា គេបានរកឃើញភស្តុតាងជាសំឡេង និងឯកសារដែលបញ្ជាក់ថា បាតុករត្រូវបានបរទេសជួលក្នុងតម្លៃរាប់ពាន់ដុល្លារឱ្យទៅវាយប្រហារប៉ុស្តិ៍នគរបាល និងដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ។ លោកបានចាត់ទុកអំពើហិង្សាទាំងនេះថា ជាសកម្មភាពភេរវកម្មដែលបញ្ជាមកពីបរទេស មិនមែនជាការតវ៉ាដោយសន្តិវិធីរបស់ប្រជាជននោះទេ ។

ទោះបីជារដ្ឋាភិបាលអ៊ីរ៉ង់ ទម្លាក់កំហុសលើបរទេសក៏ដោយ ប៉ុន្តែអង្គការសិទ្ធិមនុស្សអន្តរជាតិ បានរាយការណ៍ពីតួលេខអ្នកស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។ របាយការណ៍ក្រៅផ្លូវការ អះអាងថា មានបាតុករជិត ៦៥០ នាក់បានស្លាប់ ខណៈរដ្ឋាភិបាលអ៊ីរ៉ង់ទទួលស្គាល់ថាមានមន្ត្រីសន្តិសុខជាង ១០០ នាក់បានបាត់បង់ជីវិត។ ភាពខុសគ្នានៃតួលេខនេះ បង្ហាញពីភាពស្មុគស្មាញនៃការស្វែងរកការពិត ក្នុងកំឡុងប្រព័ន្ធអ៊ីនធឺណិត និងសេវាទូរសព្ទត្រូវបានកាត់ផ្តាច់ រួមទាំងការវាយប្រហារគ្នាផ្នែកព័ត៌មានរវាងអ៊ីរ៉ង់ និងអាម៉េរិក ។

ភាពវឹកវរនេះ កើតចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ជាពិសេសការឡើងថ្លៃទំនិញ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃលុយអ៊ីរ៉ង់។ បច្ចុប្បន្ន ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ហាក់មានការបែងចែកមតិគ្នាយ៉ាងខ្លាំង រវាងអ្នកដែលចង់ឱ្យមានការផ្លាស់ប្តូរនយោបាយនិងសេដ្ឋកិច្ច និងអ្នកដែលគាំទ្ររបបដឹកនាំបច្ចុប្បន្ន។ ស្ថានការណ៍នេះ នៅតែមានភាពតានតឹងខ្លាំង ហើយគេនៅមិនទាន់ដឹងថា តើការសន្យាកំណែទម្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលអាចដោះស្រាយបញ្ហាបាន ឬក៏ការតវ៉ានឹងបន្តរីករាលដាលកាន់តែខ្លាំងឡើងនោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Kamran/Middle East Images/AFP/Getty Images