ប្រធានាធិបតីម៉ិកស៊ិក កោតសរសើរកិច្ចសហការជាមួយអាម៉េរិក ប៉ុន្តែសង្កត់ធ្ងន់លើការគោរពគ្នាទៅវិញទៅមក
ម៉ិកស៊ិកកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លោឌៀ សៀនបាម ផាដូ (Claudia Sheinbaum Pardo) និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរសព្ទរយៈពេលប្រមាណជា ១៥នាទី អំពីបញ្ហាសំខាន់ៗដូចជា ពាណិជ្ជកម្ម និងការទប់ស្កាត់គ្រឿងញៀនហ្វេតាណុល។ លោកស្រីប្រធានាធិបតី បានកោតសរសើរកិច្ចសហការកន្លងមក ដែលជួយកាត់បន្ថយការនាំចូលថ្នាំញៀនទៅអាម៉េរិក បាន៥០%។ ដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញម៉ិកស៊ិក ដែលគោរពអធិបតេយ្យភាពជាតិ លោកស្រីបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ដោយមិនគាំទ្រចំពោះការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសវេណេហ្ស៊ូអ៊ីឡា នោះទេ ។
ចំពោះបញ្ហាសន្តិសុខ លោកស្រី សៀនបាម (Sheinbaum) បានបដិសេធចំពោះបំណងចង់បញ្ជូនកងទ័ពអាម៉េរិកឱ្យមកជួយបង្ក្រាបក្រុមម៉ាហ្វៀគ្រឿងញៀនក្នុងទឹកដីម៉ិកស៊ិកកូ។ លោកស្រីបានសង្កត់ធ្ងន់ថា លោកស្រីចង់បានតែកិច្ចសហការដែលស្មើភាពគ្នា និងគោរពគ្នាទៅវិញទៅមក ដោយភាគីនីមួយៗត្រូវធ្វើសកម្មភាពតែនៅក្នុងទឹកដីរៀងៗខ្លួនប៉ុណ្ណោះ ហើយត្រូវគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីម៉ិកស៊ិកកូ ។
លោកស្រីប្រធានាធិបតី បានផ្ញើសារយ៉ាងរឹងមាំទៅកាន់ប្រជាជនរបស់លោកស្រីថា ម៉ិកស៊ិកកូ នឹងមិនសុខចិត្តធ្វើជាកូនចៅ ឬស្ថិតនៅក្រោមបង្គាប់បញ្ជារបស់បរទេសឡើយ ហើយរាល់ការសម្រេចចិត្តទាំងអស់ ត្រូវតែធ្វើឡើងក្នុងនាមជាដៃគូស្មើមុខស្មើមាត់ ។
ជាចុងក្រោយ មេដឹកនាំទាំងម៉ិកស៊ិក និងអាម៉េរិក បានព្រមព្រៀងគ្នារៀបចំជំនួបគណៈកម្មការចម្រុះនៅសហរដ្ឋអាម៉េរិក នាថ្ងៃទី២២-២៣ ខែមករាខាងមុខ។ ជំនួបនេះ នឹងក្លាយជាឱកាសសម្រាប់ពិភាក្សាលម្អិតបន្ថែមលើបញ្ហាវិនិយោគ និងការធ្វើចំណាកស្រុក ដែលជាបញ្ហាក្តៅគគុករវាងប្រទេសជិតខាងទាំងពីរ ស្របពេលទំនាក់ទំនងរវាងម៉ិកស៊ិកកូ និងអាម៉េរិកក្នុងអាណត្តិលោក ត្រាំ នេះ ហាក់ស្ថិតក្នុងស្ថានភាពដែលត្រូវចរចាគ្នាយ៉ាងតឹងរ៉ឹង ដើម្បីរក្សាតុល្យភាពរវាងសន្តិសុខ និងអធិបតេយ្យភាព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ AFP via Getty Images/ AP