ចិន បង្ហាញដ្រូន Tianma-1000 អាចដឹកសម្ភារសង្គ្រោះទៅតំបន់ដាច់ស្រយាលបានយ៉ាងឆាប់រហ័ស
ចិន៖ ប្រទេសចិន បានសម្រេចសមិទ្ធផលថ្មីមួយក្នុងវិស័យអាកាសចរណ៍ តាមរយៈការសាកល្បងហោះហើរដោយជោគជ័យនូវដ្រូនដឹកទំនិញខ្នាតធំ ធៀនម៉ា-១០០០ (Tianma-1000) ដែលផលិតនៅក្នុងស្រុក ហើយដំណើរការសាកល្បងហោះហើរនេះ ធ្វើឡើងនៅខេត្តសានស៊ី។ ដ្រូននេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនណូរីនកូ (NORINCO) ដែលជាក្រុមហ៊ុនផលិតសម្ភារការពារជាតិខ្នាតយក្សរបស់រដ្ឋ ដើម្បីពង្រីកបណ្ដាញដឹកជញ្ជូនស្វ័យប្រវត្តិ ។
ធៀនម៉ា-១០០០ (Tianma-1000) គឺជាដ្រូនដែលអាចប្រើប្រាស់បានជាច្រើនគោលដៅ ដូចជាដឹកជញ្ជូនទំនិញ ប្រតិបត្តិការសង្គ្រោះបន្ទាន់ និងការទម្លាក់សម្ភារពីលើអាកាស។ លក្ខណៈពិសេសរបស់វា គឺសមត្ថភាពដំណើរការបានយ៉ាងល្អក្នុងតំបន់ខ្ពង់រាបដែលមានសភាពស្មុគស្មាញ និងជាដំណោះស្រាយដឹកជញ្ជូនជាមួយនឹងតម្លៃធូរថ្លៃ ដែលកាលពីមុនយន្តហោះគ្មានមនុស្សបើកពិបាកនឹងធ្វើបានណាស់ ។
បើពិនិត្យលើបច្ចេកទេស ដ្រូននេះមានសមត្ថភាពខ្ពស់ ដោយអាចហោះហើរបានក្នុងកម្ពស់ដល់ទៅ ៨,០០០ម៉ែត្រ និងហោះបានចម្ងាយ ១,៨០០គីឡូម៉ែត្រ។ វាអាចផ្ទុកទម្ងន់បានដល់ទៅ ១តោន ហើយត្រូវការផ្លូវរត់ខ្លីបំផុតសម្រាប់ហោះឡើង និងចម្ងាយចុះចតតិចជាង ២០០ម៉ែត្រ ដែលធ្វើឱ្យវាស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ក្នុងតំបន់ដាច់ស្រយាលដែលគ្មានផ្លូវថ្នល់ខ្វាត់ខ្វែង ។
លក្ខណៈពិសេសមួយទៀត គឺផ្នែកផ្ទុកទំនិញដែលអាចផ្លាស់ប្តូរទម្រង់បានយ៉ាងឆាប់រហ័ស។ ភាពបត់បែននេះ អនុញ្ញាតឱ្យធៀនម៉ា-១០០០ (Tianma-1000) អាចបំពេញបេសកកម្មបានយ៉ាងច្រើនលើសពីការដឹកជញ្ជូនធម្មតា ដូចជាការប្រើប្រាស់សម្រាប់បញ្ជូនសេវាទំនាក់ទំនង ឬផ្ដល់ជំនួយក្នុងតំបន់ផ្សេងៗគ្នាក្នុងពេលតែមួយ ។
គេរំពឹងថា ដ្រូននេះ នឹងមកផ្លាស់ប្តូរមុខមាត់ថ្មីនៃការផ្ដល់ជំនួយសង្គ្រោះបន្ទាន់។ តាមរយៈការដឹកជញ្ជូនសម្ភារចាំបាច់ទៅកាន់តំបន់ដែលមិនអាចចូលទៅដល់បាន ដ្រូននេះនឹងចំណាយពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានន័យថា វានឹងជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរយឺតយ៉ាវតាមផ្លូវគោក។ ក្រៅពីការងារសង្គ្រោះ វាក៏នឹងត្រូវប្រើក្នុងវិស័យដឹកជញ្ជូនស៊ីវិល និងការបញ្ជូនស្បៀងទៅតាមព្រំដែនផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Interesting Engineering/ Morning Overview