ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកសម្ភារដេគ័រតុបតែងរោងស្ទេីរទាំងស្រុង​ រួមទាំងរថយន្ត១គ្រឿង

image



ភ្នំពេញ៖​ មានករណីអគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកគ្រឿងសម្ភារតម្លើងតុបតែងរោងបុណ្យ​ រោងការ បណ្តាលឲ្យខូចខាតសម្ភារស្ទើរទាំងស្រុង នៅវេលាម៉ោង​ ២:៥០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវបេតុងលេខ​ ៥៨ប៉េ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរទីតាំងកើតហេតុ​ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែង និងអណ្តាតភ្លើងចេញពីទីតាំងឃ្លាំងស្តុកគ្រឿងសម្ភារដេគ័រតុបតែងរោងមួយកន្លែង បន្ទាប់មកអណ្តាតភ្លើងក៏ចាប់ផ្តើមខ្លាំងឡើងៗ ពេលនោះអ្នកភូមិក៏បាននាំគ្នាជួយយកទឹកទៅពន្លត់ និងខ្លះទៀត រាយការណ៍ទៅកាន់មន្ត្រីមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។

បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការ​ពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងឆ្ពោះទៅកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ភ្លាមៗ។

ករណីនេះត្រូវបានមន្ត្រីជំនាញគ្រប់គ្រងបានទាំងស្រុងនៅរសៀលថ្ងៃខែឆ្នាំដដែល ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងទប់ស្កាត់មិនឱ្យរាលដាលទៅផ្ទះជិតខាងនោះទេ។ ករណីនេះបានបង្កការខូចខាតសម្ភារប្រើប្រាស់ដែលមាននៅក្នុងឃ្លាំងស្ទើរទាំងស្រុង រួមទាំងរថយន្តកូរ៉េ១គ្រឿងថែមទៀត​ ប៉ុន្តែមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ។

បច្ចុប្បន្នមន្ត្រីជំនាញមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះបាននៅឡើយនោះទេ ដោយកំពុងស្ថិតក្រោមការស្រាវជ្រាវ៕


អត្ថបទ៖​ រដ្ឋ រង្សី