ព័ត៌មានអន្តរជាតិ

ជនជាតិចិនម្នាក់ដែលសង្ស័យថាជាមេខ្លោងក្នុងករណីឃាតកម្មលើនិស្សិតកូរ៉េខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងភូមិគ្រឹះដ៏ប្រណីតក្នុងប្រទេសថៃ

image

ថៃឡង់ដ៍៖ ជនសង្ស័យមួយរូបឈ្មោះ ហាន ម៉ូ (Han Mo) អាយុ ៤២ឆ្នាំ ដែលមានជាប់ពាក់ព័ន្ធក្នុងករណី «ឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង អាយុ ២២ឆ្នាំម្នាក់ កាលពីខែសីហា ឆ្នាំ ២០២៥» ត្រូវបានកងកម្លាំងចម្រុះថៃ-កូរ៉េខាងត្បូងចាប់ខ្លួននៅក្នុងភូមិគ្រឹះដ៏ប្រណិតមួយ នៅឯទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ។ 

តាមការស៊ើបអង្កេត លោកហាន (Han) គឺជាមេធំដែលបង្គាប់ឱ្យបក្ខពួកល្បួងជនជាតិកូរ៉េឱ្យមកបង្ខាំងទុក ដោយធ្វើទុក្ខ និងគំរាមឱ្យធ្វើការឆបោកតាមអនឡាញ។ បន្ទាប់ពីការស្លាប់របស់និស្សិតឈ្មោះ ផាក (Park) មេខ្លោងហាន (Han) ក៏បានរត់គេចខ្លួនទៅកាន់ប្រទេសថៃ និងលាក់ខ្លួននៅទីនោះរហូតដល់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ ។

ក្រៅពីមេខ្លោងធំ ដែលសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃ សមត្ថកិច្ចចម្រុះក៏បានរកឃើញជនជាតិចិន ២ នាក់ផ្សេងទៀត ដែលម្នាក់ក្នុងចំណោមនោះត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាទឹកកក។ បច្ចុប្បន្ន ភាគីកូរ៉េខាងត្បូងកំពុងស្នើសុំធ្វើបត្យាប័នបញ្ជូនខ្លួនមេខ្លោងហាន (Han) ទៅកាត់ទោសនៅកូរ៉េ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ South China Morning Post | រូបភាព៖ Chosun Daily/ South China Morning Post