ចំនួនអ្នកស្លាប់កើនឡើងជាង ២,០០០នាក់ អំឡុងភាពវឹកវរនៅអ៊ីរ៉ង់ ខណៈ១៣៥នាក់ជាមន្ត្រីរដ្ឋាភិបាល
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ កំពុងជួបប្រទះនឹងការតវ៉ាយ៉ាងហិង្សាជាហូរហែនៅទូទាំងប្រទេសអស់រយៈពេលជាងពីរសប្តាហ៍មកហើយ ដែលដំបូងឡើយផ្ដើមចេញពីបញ្ហាសេដ្ឋកិច្ច និងការធ្លាក់ចុះនៃតម្លៃប្រាក់រីយ៉ាល់ (Rial) របស់អ៊ីរ៉ង់។ ការតវ៉ានេះបានរីករាលដាលយ៉ាងឆាប់រហ័សទៅជាជម្លោះប្រឆាំងរដ្ឋាភិបាល ដែលបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតយ៉ាងច្រើន។ នេះបើតាមសំណេររបស់សារព័ត៌មានធំៗ ដូចជា RT និងសារព័ត៌មានដទៃទៀត ។
បន្ថែមពីនេះ ដោយយោងតាមទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងដកស្រង់ដោយសារព័ត៌មាន CNN និង AP ឱ្យដឹងថា ចំនួនអ្នកស្លាប់សរុបបានហក់ឡើងដល់ជាង ២ពាន់នាក់ហើយ។ ក្នុងនោះបាតុករយ៉ាងហោចណាស់ ១,៨៥០នាក់បានបាត់បង់អាយុជីវិត ខណៈមន្ត្រីរដ្ឋាភិបាលប្រហែល ១៣៥នាក់ក៏បានស្លាប់ផងដែរ។ ភ្នាក់ងារ HRANA ចេញសេចក្ដីរាយការណ៍បន្ថែមទៀតថា មនុស្សយ៉ាងហោចណាស់ ១៦,៧៨៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ។
ទន្ទឹមនឹងនោះ មន្ត្រីអ៊ីរ៉ង់បានចោទប្រកាន់ប្រទេសខាងក្រៅមួយចំនួន ថា ជាអ្នកនៅពីក្រោយភាពវឹកវរនេះ ដើម្បីធ្វើឱ្យប្រទេសអ៊ីរ៉ង់បាត់បង់ស្ថិរភាព។ រដ្ឋាភិបាលអ៊ីរ៉ង់ បានបង្ហាញភស្តុតាងនៃការជ្រៀតជ្រែកពីខាងក្រៅ តាមរយៈគណនីបណ្ដាញសង្គមរបស់បរទេសដែលបានគាំទ្រក្រុមបាតុករ។ ប្រធានាធិបតីអ៊ីរ៉ង់ លើកឡើងថា ការដុតវិហារ និងទ្រព្យសម្បត្តិសាធារណៈ មិនមែនជាការតវ៉ាឡើយ ប៉ុន្តែវាគឺជាផែនការរបស់សត្រូវ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានបង្ហាញវីដេអូដែលបាតុករដុតមន្ត្រីសមត្ថកិច្ចទាំងរស់ ដើម្បីបញ្ជាក់ពីភាពសាហាវយង់ឃ្នងនៃក្រុមអ្នកបង្កចលាចល ស្របពេលអ្នកជំនាញ បានបង្ហាញក្ដីបារម្ភថា ប្រសិនបើប្រទេសមហាអំណាចលូកដៃចូលក្នុងរឿងនេះមែន វានឹងធ្វើឱ្យសង្គ្រាមរីករាលដាលពេញតំបន់មជ្ឈិមបូព៌ាទាំងមូល ។
បច្ចុប្បន្ន អ៊ីរ៉ង់បានកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត និងខ្សែទូរសព្ទស្ទើរតែទាំងស្រុងដើម្បីទប់ស្កាត់ភាពវឹកវរ។ ដោយសារតែការរាំងខ្ទប់ទំនាក់ទំនងនេះ ទើបធ្វើឱ្យគេនៅមិនទាន់ច្បាស់នៅឡើយទេថា តើតួលេខរបស់អ្នកស្លាប់ និងអ្នកត្រូវចាប់ខ្លួនពិតប្រាកដអាចមានច្រើនជាងនេះឬយ៉ាងណា។ ចំណែកឯទីភ្នាក់ងារព័ត៌មាន CNN ក៏បានបញ្ជាក់ដែរថា ខ្លួនមិនទាន់អាចធ្វើការផ្ទៀងផ្ទាត់ដោយឯករាជ្យ ទៅលើចំនួនអ្នកស្លាប់ ឬអ្នកត្រូវចាប់ខ្លួនដែលផ្ដល់ដោយ HRANA នៅឡើយទេ ៕
អត្ថបទប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT/ AP / CNN | រូបភាព៖ PBS News/ UCG via AP