ព័ត៌មានជាតិ

លើកទីមួយ! ក្រុមគ្រូពេទ្យកម្ពុជា និងសាស្ត្រាចារ្យមកពីជប៉ុន បានរួមគ្នាវះកាត់តសរសៃឈាមថ្មី ជាជំនួយរុញឈាមដល់ខួរក្បាល បានដោយជោគជ័យ

image

ភ្នំពេញ៖ ថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា ចាត់ទុកការរៀនសូត្របន្ត និងពង្រីកសម្ថភាពព្យាបាលអ្នកជំងឺ ជាអាទិភាពនិងមានសារៈសំខាន់ ដើម្បីគុណភាព និងសង្គ្រោះជីវិតកុមារ។

យោងតាមបណ្តាញទំនាក់ទំនងសង្គម Beat Richner បានឱ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះថា មន្ទីរពេទ្យគន្ធបុប្ផា បានរៀនសូត្រយកបទពិសោធថ្មី ក្នុងការវះកាត់តសរសៃឈាមចិញ្ចឹមខួរក្បាលលើជំងឺត្បៀតសរសៃឈាមខួរក្បាលពីកំណើត (បណ្តាលពីហ្សែនកំណើត) ហៅថាជំងឺ ម៉យ៉ាម៉យ៉ា (MoyaMoya Disease) ជាជំងឺរបុំសរសៃឈាមដុះថ្មីផុយស្រួយ ដោយសារសរសៃឈាមខួរក្បាលណាមួយត្បៀតស្តួច ដែលងាយនឹងបែកធ្លាយឈាមក្នុងខួរក្បាល ជាជំងឺដែលកម្រមានជាទីបំផុត។

បណ្តាញទំនាក់ទំនងសង្គម Beat Richner បញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលក្រុមគ្រូពេទ្យកម្ពុជា ឯកទេសវះកាត់ខួរក្បាល និងសាស្ត្រាចារ្យមកពីប្រទេសជប៉ុន បានរួមគ្នាវះកាត់តសរសៃឈាមថ្មីជាជំនួយរុញឈាមដល់ខួរក្បាល បានដោយជោគជ័យ។ សូមកោតសរសើរ និងអរគុណក្រុមគ្រូពេទ្យជំនាញ ដែលបានជួយសង្រ្គោះ ខួរក្បាលមនុស្សស្រីម្នាក់៕

អត្ថបទ៖ សន ពិសិដ្ឋ