ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យបុគ្គលិកសុខាភិបាលម្នាក់ៗ តាំងចិត្តធ្វើការឱ្យក្លាយទៅជាវីរជននៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួន

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបជាង៣.០០០នាក់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យការជ្រើសរើសបុគ្គលិកសុខាភិបាលក្នុងពេលខាងមុខ និងការដឹកនាំមន្រ្តីសុខាភិបាល ដែលកំពុងបម្រើការងារ ត្រូវធ្វើឡើងនៅក្នុងគោលដៅជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ អាចក្លាយទៅជាវីរជននៅក្នុងជំនាញរបស់បុគ្គលិកម្នាក់ៗ តាមរយៈការហ្វឹកហ្វឺន និងកែលម្អជាប្រចាំ។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចគន្លឹះ នៃការកសាងគុណភាពបុគ្គលិក ដែលរួមមាន៖ ១) កសាងសមត្ថភាពបុគ្គលិកគ្រប់កម្រិត តាមរយៈធ្វើការផង រៀនផង និងរៀនពីអ្នកនៅជុំវិញផង និង រៀនពីកំហុសរបស់ខ្លួនឯងផង។ អង្គភាពត្រូវរៀបចំឱ្យមាន ការបណ្តុះបណ្តាលជាប្រចាំដល់បុគ្គលិក ២) យកចិត្តទុកដាក់ដល់បុគ្គលិក តាមរយៈការគិតគូរ ពីសុខទុក្ខរបស់បុគ្គលិក ការបង្កើនសាមគ្គីភាពរវាងបុគ្គលិកដោយការជួយគ្នាទៅវិញទៅមក ៣) កសាងគុណធម៌សម្រាប់បុគ្គលិកដោយឱ្យបុគ្គលិកបើកចិត្តទូលាយទទួលយកការកែលម្អឥរិយាបទ របស់គេ និងផ្តល់ការបណ្តុះបណ្តាលជំនាញការងារមហាជនដល់បុគ្គលិក និង ៤)ជំរុញឱ្យបុគ្គលិកធ្វើការសកម្មដើម្បីទទួលបានលទ្ធផលជាមួយនឹងធនធានដែលមានក្នុងដៃ៕

អត្ថបទ៖ សន ពិសិដ្ឋ