ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវដល់កម្មករ-និយោជិតទាំងអស់ សូមទាក់ទងលេខ ១២៨៦ ក្នុងករណីមានបញ្ហាដើម្បីឱ្យក្រសួងអន្តរាគមន៍បានលឿនរហ័ស

image

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនកម្មករ-និយោជិតទាំងអស់ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនោះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យទាក់ទងមកលេខ ១២៨៦ ដែលជាលេខ Hotline របស់ក្រសួង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍ថា “នៅពេលបងប្អូនកម្មករ-និយោជិត មានបញ្ហាទាក់ទងនឹងលក្ខខណ្ឌការងារ ច្បាប់ការងារ ការរំលោភសិទ្ធិ ឬការជេរប្រមាថណាមួយនោះ សូមបងប្អូនទាក់ទងមកក្រសួងការងារ តាមរយៈលេខ Hotline ១២៨៦ ដែលធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍។”

លោកបានបន្តថា នៅពេលទទួលបានព័ត៌មាន ឬសំណើពីកម្មករ-និយោជិតភ្លាម ក្រសួងការងារ នឹងចាត់មន្ត្រីជំនាញចុះទៅអន្តរាគមន៍សម្របសម្រួលដោះស្រាយជូនដោយលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ សូមចៀសវាងនូវការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ នៅខណៈដែលមិនទាន់បានទាក់ទងមកក្រសួងការងារ ដើម្បីឱ្យជួយដោះស្រាយជូននៅឡើយ។

អ្នកនាំពាក្យដដែល ក៏បានអំពាវនាវឱ្យជឿទុកចិត្តមកលើយន្ដការសម្របសម្រួលដោះស្រាយរបស់ក្រសួងការងារ ហើយប្រគល់បញ្ហារបស់បងប្អូនឱ្យមន្ត្រីជំនាញដោះស្រាយជូន ដោយលោកថា សំណូមពរ និងបញ្ហារបស់កម្មករ-និយោជិត គឺក្រសួងការងារតែងតែយកចិត្តទុកដាក់ដោះស្រាយ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព៕