ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំដោះស្រាយបញ្ហាព្រំដែន ឱ្យបានឆាប់ ស្របតាមច្បាប់អន្ដរជាតិ

image



ឧត្តរមានជ័យ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីចែកជូនជនភៀសសឹកជាស្ត្រីដែលមានកូនតូច និងត្រៀមសម្រាលកូនសរុបចំនួន៦០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

នាឱកាសនោះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បាននាំយកនូវសារផ្តាំសួរសុខទុក្ខរបស់ សម្តេចកិតិ្តសង្គហបណ្ឌិត ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅតំបន់ភៀសសឹក ។​

លោកស្រីកិត្តិបណ្ឌិត ក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់វីរកងទ័ព និងប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហានេះឱ្យបានឆាប់ ស្របតាមច្បាប់អន្ដរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់វិលត្រឡប់ទៅលំនៅស្ថានវិញដោយសុវត្ថិភាព។

លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នារៀបចំមណ្ឌលសុវត្ថិភាពដល់ប្រជាពលរដ្ឋភៀសសឹក។ ក្នុងមណ្ឌលនោះផងដែរ មានការផ្ដល់សេវាផ្សេងៗរួមមាន សេវាសុខាភិបាល សាលារៀនបណ្តោះអាសន្ន សួនបន្លែ ព្រមទាំងការរៀបចំអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ជូនវីរកងទ័ពជួរមុខ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី