ព័ត៌មានជាតិ

លោក​ ឃួង​ ស្រេង អះអាងថា​ ក្នុងឆ្នាំ២០២៥​ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ធនធានមនុស្ស

image



ភ្នំពេញ៖​​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បាឱ្យដឹងថា​ នៅក្នុងឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្តល់សេវាជូនជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ធនធានមនុស្ស ស្របទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។​ ការអះអាងដូចនេះក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦​ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង​ បានបញ្ជាក់ថា​ ចំពោះសមិទ្ធផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាឆ្នាំ២០២៥​ មានដូចជា ការកសាងអភិវឌ្ឍន៍ជាប្រចាំ មាន ផ្លូវ ទឹកស្អាត អគ្គីសនី បណ្តាញទូរគមនាគមន៍ សួនច្បារ ផ្លូវក្រោមដី ស្ពានអាកាស ស្ពានឆ្លងទន្លេ និងប្រព័ន្ធលូ ប្រឡាយ ដែលបានធ្វើឱ្យការរំដោះទឹកនៅក្នុងរាជធានីភ្នំពេញបានល្អប្រសើរ បានកែលម្អរសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ រៀបចំសួនខាងជើងក្រុង​ ជាដើម។​ ក្នុងឆ្នាំ២០២៥នេះដែរ ការថែរក្សាសន្តិសុខ សុវត្ថិភាព កម្លាំងមានសមត្ដកិច្ចអនុវត្តការងារបានល្អ ទាំងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែស៊ីសងគ្រប់ប្រភេទ ដោយបង្ក្រាបបទល្មើសបាន​ ៤៦៣ករណី​ លើ៤៧៣ករណី ថយចុះ​ ១០ករណី បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)​ បានចំនួន​ ៤៤ករណី។

ចំណែកការងារទេសចរណ៍វិញ រាជធានីភ្នំពេញ បានកែច្នៃតំបន់ទេសចរណ៍ឱ្យមានលក្ខណៈសំបូរបែប ដោយទទួលបានភ្លៀវទេសចរណ៍ជាតិ អន្តរជាតិ បានប្រមាណ៨ម៉ឺនទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍​ និងថ្ងៃអាទិត្យ នៅផ្លូវថ្មើរជើងចតុមុខ (walk street) រហូតមានភាពល្បីល្បាញនិងទាក់ទាញដល់ឆាកអន្តរជាតិ។

លោក ឃួង ស្រេង បានឱ្យដឹងដែរថា​ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥​ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយទៅជួរមុខបានចំនួន ៥០លើក (៣៥ រថយន្តធំ និង ៥៥ កុងតឺន័រ )​ មានសម្ភារជាច្រើនសន្ធឹកសន្ធាប់ រួមមាន អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាថវិកា​ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងអំណោយរបស់សប្បុរសជនមានថវិកានិងសម្ភារជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរ។

លោក ឃួង ស្រេង បានបន្តថា​ ពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានបែងចែកក្រុមពិភាក្សាចំនួន​ ៥ក្រុម ដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយ​ និងរកធាតុចូល ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ សម្រេចជោគជ័យថ្មីៗទៀត នាឆ្នាំខាងមុខ។

សម្រាប់ក្រុមទី១​ ដឹកនាំដោយ​ លោក ឆាយ វីរៈ និងលោក ហួត ហៃ​ អភិបាលរងរាជធានីភ្នំពេញ ពិភាក្សាលើប្រធានបទ​ការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនសមមូល ៥លានដុល្លារចុះក្រោម។

ក្រុមទី២​ ការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ និងប្រព័ន្ឋប្រឡាយ-លូ ដែលមាន​ លោក សុខ ពេញវុធ និងលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដឹកនាំពិភាក្សា “ការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ និងប្រព័ន្ធប្រឡាយ-លូ។

ក្រុមទី៣​ ដឹកនាំដោយ​ លោក ហ៊ុន សុរិទ្ធី និងលោក អ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ពិភាក្សាលើប្រធានបទ "ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ដោយផ្តោតលើ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។

ក្រុមទី៤​ ដឹកនាំដោយ​ លោកស្រី​ តិមា វិច្ឆិកាល និងលោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ លើប្រធានបទ​ "ពង្រឹងការអនុវត្តបទបញ្ជាលេខ ០២ បប"​ ស្តីពី «ការដាក់ចេញវិធានការ ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា» និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។

ក្រុមទី៥​ ដឹកនាំដោយ​ លោក ឃ្លាំង ហួត និងលោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ ក្រោមប្រធានបទ ការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាពដោយផ្តោតលើ «វិស័យសំណង់, រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus និងផ្លូវថ្មើរជើង»៕