ប្រធានាធិបតីត្រាំ ហៅក្រុមអ្នកប្រឆាំងនឹងពន្ធគយថា ការពារប្រយោជន៍បរទេសខ្លាំងជាងប្រយោជន៍ជាតិ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខការពារគោលនយោបាយពន្ធគយរបស់លោកយ៉ាងខ្លាំងក្លា ដោយលោកអះអាងថា «វាគឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការប្រមូលចំណូលពីបរទេស ជាជាងការយកពន្ធដោយផ្ទាល់លើចំណូលរបស់ប្រជាជនអាម៉េរិកខ្លួនឯង» ។
បន្ថែមពីនេះ លោកប្រធានាធិបតីត្រាំ បានហៅក្រុមអ្នកដែលប្រឆាំងនឹងពន្ធគយថា ជាអ្នកដែលផ្ដោតលើផលប្រយោជន៍បរទេសខ្លាំងជាងផលប្រយោជន៍ជាតិ។ លោករំឭកថា ជាយូរមកហើយ ដូចជានៅក្នុងឆ្នាំ ១៩១៣ មន្ត្រីសម័យនោះបានប្ដូរពីការយកពន្ធលើក្រុមហ៊ុនបរទេស មកជាការយកពន្ធលើចំណូលរបស់ប្រជាជនខ្លួនឯងវិញ ដែលនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ច ។
បច្ចុប្បន្ន គោលនយោបាយពន្ធគយរបស់លោក កំពុងប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់នៅឯតុលាការកំពូលសហរដ្ឋអាម៉េរិក។ លោកត្រាំ បានរិះគន់ចំពោះការប្ដឹងផ្ដល់នេះ ដោយលោកយល់ថា បណ្ដឹងនេះ បានធ្វើឡើងដោយក្រុមមនុស្សដែលចង់ការពារផលប្រយោជន៍របស់បរទេស។ លោកអះអាងបន្ថែមថា បច្ចុប្បន្ន ចិនគឺជាប្រភពចំណូលពន្ធដ៏ធំបំផុតមួយសម្រាប់អាម៉េរិក ។
ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងរឿងក្ដីក្ដាំងនៅតុលាការក៏ដោយ ក៏លោកត្រាំ នៅតែអះអាងថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង នៅតែមានភាពរឹងមាំ។ លោកបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា លោកនឹងឈ្នះក្ដីនៅតុលាការកំពូល ប៉ុន្តែលោកក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការរិះរកវិធានការផ្សេង ប្រសិនបើតុលាការសម្រេចមិនឯកភាពតាមលោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ David Hume Kennerly/Getty Images/ incompliancemag.com