ព័ត៌មានជាតិ

គម្រោងវិនិយោគ និងធុរកិច្ចចំនួន ២៤បន្ថែមទៀត ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគជាង ២០០លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋ

image



ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ២៤ ក្នុងខេត្តព្រះសីហនុ សម្រាប់ដើមឆ្នាំ ២០២៦ ក្រោមទុនវិនិយោគជាង ២០០លានដុល្លារអាមេរិក។

ការផ្តល់ការអនុគ្រោះនេះ បន្ទាប់ពីមានការពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដែលជាការលើកទឹកចិត្តពិសេស ក្នុងខេត្តព្រះសីហនុ ចំនួន ២៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១.០១៧លានដុល្លារអាមេរិក។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦។

អង្គប្រជុំ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៨, គម្រោងថ្មី ចំនួន ១៥ និងគម្រោងពង្រីក ចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ ២០៨លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣១២០កន្លែង។ គម្រោងទាំង ២៤នេះ មានជាអាទិ៍ រោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន, រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ, រោងចក្រផលិតសម្ភារៈពេទ្យ, គម្រោងរោងចក្រកែច្នៃម្សៅត្រី, អគារពហុមុខងារ និងអគារស្នាក់នៅរួម។

លោកបណ្ឌិតសភាចារ្យ បានមានប្រសាស៍ថា បន្ទាប់ពីក្រុមការងារសម្រេចជាគោលការណ៍ផ្តល់ ការលើកទឹកចិត្តពិសេសដល់គម្រោងនានាហើយ, ក្រុមការងារ និងក្រសួង ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និងការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រ ជាដើម ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគដោយរលូន។

លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលសម្រេចឯកភាពជាគោលការណ៍ក្នុងការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល ២ឆ្នាំ រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយបន្ថែមវិធានការចំនួន ៤ទៀត ដើម្បីបន្តជំរុញសកម្មភាពវិនិយោគ និងធុរកិច្ច សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ។

សូមជម្រាបថា ក្នុងឆ្នាំ ២០២៤-២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៤១២ ដែលមានទុនវិនិយោគសរុបប្រមាណ ៧.៩៧១លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារជាង ៥ម៉ឺនកន្លែង។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៩៤គម្រោង, គម្រោងវិនិយោគថ្មី ១៧៨គម្រោង, គម្រោងពង្រីក ២៥គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៥គម្រោង៕