ព័ត៌មានអន្តរជាតិ

ចិន ទទួលបានប្រាក់ចំណេញពាណិជ្ជកម្មខ្ពស់បំផុតមិនធ្លាប់មានជិត ១,២ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥

image



ចិន៖ នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ ២០២៦ ប្រទេសចិន បានរាយការណ៍ពីប្រាក់ចំណេញផ្នែកពាណិជ្ជកម្មខ្ពស់បំផុតមិនធ្លាប់មានជិត ១,២ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។ លទ្ធផលនេះ កើតឡើងដោយសារតែកត្តាជំរុញដល់ការនាំចេញទៅកាន់ទីផ្សារផ្សេងៗក្រៅពីសហរដ្ឋអាម៉េរិក ដើម្បីទប់ទល់នឹងសម្ពាធពន្ធគយពីអភិបាលកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

ការសម្រេចចិត្តរបស់មេដឹកនាំចិន ក្នុងការបង្វែរទិសដៅនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអាម៉េរិកឡាទីន បានផ្ដល់ផលចំណេញយ៉ាងច្រើន និងជួយការពារសេដ្ឋកិច្ចចិនពីផលប៉ះពាល់នៃពន្ធគយសហរដ្ឋអាម៉េរិក និងជម្លោះភូមិសាស្ត្រនយោបាយចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់សេតវិមានកាលពីឆ្នាំមុន ។

អ្នកសេដ្ឋកិច្ចរបស់ធនាគារ HSBC បានលើកឡើងថា សេដ្ឋកិច្ចចិននៅតែមានភាពប្រកួតប្រជែងខ្លាំង ដោយសារតែផលិតភាពការងារខ្ពស់ និងបច្ចេកវិទ្យាទំនើប។ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីតម្រូវការទាបនៅក្នុងប្រទេសចិនខ្លួនឯង ដែលបង្ខំឱ្យរោងចក្រចិន ត្រូវនាំចេញទំនិញតម្លៃថោកទៅក្រៅប្រទេសកាន់តែច្រើន ។

សម្រាប់ឆ្នាំ២០២៦ ចិននឹងប្រឈមបញ្ហាប្រឈមជាច្រើន រួមមានក្ដីព្រួយបារម្ភពីប្រទេសដទៃជុំវិញការនាំចេញទំនិញចិនដ៏ច្រើនលើសលប់ និងការដែលពិភពលោកពឹងផ្អែកលើផលិតផលចិនខ្លាំងពេក។ សំណួរដែលសំខាន់បំផុតគឺ តើសេដ្ឋកិច្ចចិនអាចបន្តដោះស្រាយបញ្ហាអចលនទ្រព្យដែលកំពុងធ្លាក់ចុះ ដោយគ្រាន់តែពឹងលើការនាំចេញទំនិញថោកៗទៅក្រៅប្រទេសបានយូរប៉ុណ្ណាទៀត?

ទិន្នន័យបានបង្ហាញថា ការនាំចេញរបស់ចិន បានកើនឡើង ៦,៦% ក្នុងខែធ្នូ ដែលលើសពីការរំពឹងទុក។ ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះ ២០% ប៉ុន្តែការនាំចេញទៅអាហ្វ្រិកបានលោតឡើង ២៥,៨% និងតំបន់អាស៊ានកើនឡើង ១៣,៤% ។

ទោះបីជាចិនជោគជ័យក្នុងការនាំចេញក៏ដោយ ប៉ុន្តែសម្ពាធពីប្រធានាធិបតីអាម៉េរិក នៅតែធំធេងនៅឡើយ។ លោកត្រាំ បានគំរាមដាក់ពន្ធ ២៥% លើប្រទេសណាដែលរកស៊ីជាមួយប្រទេសអ៊ីរ៉ង់ ដែលនេះអាចបង្កជាជម្លោះពាណិជ្ជកម្មថ្មីរវាងអាម៉េរិក និងចិន ព្រោះចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីរ៉ង់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Tingshu Wang/ Go Nakamura via REUTERS