មន្ត្រីអ៊ីរ៉ង់ រឹបអូសឧបករណ៍ Starlink ជាច្រើនគ្រឿង ដោយអះអាងថា ត្រូវគេប្រើប្រាស់ដើម្បីធ្វើចារកម្ម
អ៊ីរ៉ង់៖ មន្ត្រីអ៊ីរ៉ង់ បានធ្វើការរឹបអូសឧបករណ៍អ៊ីនធើណិតផ្កាយរណប ស្តារលីង (Starlink) ជាច្រើនគ្រឿង ដោយអះអាងថា ឧបករណ៍ទាំងនោះត្រូវគេយកទៅប្រើប្រាស់ក្នុងគោលបំណងធ្វើចារកម្ម អំឡុងប្រទេសនេះកំពុងធ្លាក់ចូលក្នុងភាពចលាចលដោយបាតុកម្មហិង្សាដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច ។
ដើម្បីគ្រប់គ្រងស្ថានការណ៍ អាជ្ញាធរបានកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតទូទាំងប្រទេស ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ខណៈប្រព័ន្ធអ៊ីនធើណិត នឹងត្រូវបើកឱ្យដំណើរការឡើងវិញបន្តិចម្ដងៗក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ។
មេដឹកនាំអ៊ីរ៉ង់បានចោទប្រកាន់យ៉ាងខ្លាំងក្លាថា «សត្រូវខាងក្រៅ» ជាអ្នកនៅពីក្រោយការញុះញង់ និងបង្រៀនក្រុមភេរវករឱ្យមកបង្កចលាចល។ ទន្ទឹមនឹងនោះ ប្រធានាធិបតីអាម៉េរិក បានបង្ហោះសារលើកទឹកចិត្តឱ្យបាតុករបន្តការតវ៉ាដើម្បីសេរីភាព និងបានលុបចោលរាល់ជំនួបជាមួយមន្ត្រីអ៊ីរ៉ង់ ដើម្បីជាការឆ្លើយតបទៅនឹងការបង្ក្រាបរបស់រដ្ឋាភិបាលអ៊ីរ៉ង់លើក្រុមអ្នកតវ៉ា ។
ទោះបីជាមានអំពើហិង្សា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅក្នុងទីក្រុងជាច្រើនក៏ដោយ ក៏មានមនុស្សជាច្រើនដែលជាក្រុមអ្នកគាំទ្ររដ្ឋាភិបាល បានចេញមកហែក្បួនជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងក្រុមអ្នកបង្កចលាចល។ រដ្ឋាភិបាលអ៊ីរ៉ង់ ទទួលស្គាល់ថាបញ្ហាសេដ្ឋកិច្ចជារឿងពិត ប៉ុន្តែបានអះអាងថា បាតុករមួយចំនួនកំពុងធ្វើសកម្មភាពដើម្បីបម្រើផលប្រយោជន៍របស់បរទេស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Getty Images/ Justin Sullivan/Getty Images via AFP