កុមារនៅតំបន់ហ្គាហ្សា វិលត្រឡប់ចូលរៀនក្នុងសាលាបណ្ដោះអាសន្នដែលធ្វើពីតង់ ក្រោយខកខានរៀនសូត្រ ២ឆ្នាំ
ហ្គាហ្សា, ប៉ាឡេស្ទីន៖ កុមាររាប់ពាន់នាក់នៅភាគខាងជើងតំបន់ហ្គាហ្សា បានត្រឡប់មកចូលរៀនវិញនៅក្នុងសាលារៀនបណ្ដោះអាសន្នដែលធ្វើពីតង់ប្លាស្ទិក ស្ថិតនៅកណ្ដាលគំនរបាក់បែកដោយសារតែសង្គ្រាម។ ទោះបីជាត្រូវធ្វើដំណើរឆ្លងកាត់តំបន់គ្រោះថ្នាក់ និងរស់នៅក្នុងភាពភ័យខ្លាចនៃការទម្លាក់គ្រាប់បែកក៏ដោយ ក៏កុមារទាំងនោះនៅតែបង្ហាញការតាំងចិត្តខ្ពស់ក្នុងការក្រេបជញ្ជក់ចំណេះដឹង បន្ទាប់ពីខកខានរៀនសូត្រអស់រយៈពេល ២ឆ្នាំ ។
យោងតាមរបាយការណ៍ពីអង្គការយូនីសេហ្វ (UNICEF) ឱ្យដឹងថា វិស័យអប់រំនៅតំបន់ហ្គាហ្សា រងនូវការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ដោយអាគារសាលារៀនប្រហែល ៩៧% ត្រូវខូចខាត។ សិស្សជាង ៦សែននាក់បានបាត់បង់ឱកាសរៀនសូត្រ ដែលធ្វើឱ្យការបង្កើតសាលាបណ្ដោះអាសន្នធ្វើពីតង់ទាំងនេះ ក្លាយជាសេចក្តីសង្ឃឹមតែមួយគត់សម្រាប់អនាគតរបស់កុមារក្នុងតំបន់ជម្លោះ ។
ការចាប់ផ្ដើមឆមាសថ្មីនេះ គឺជាសញ្ញាវិជ្ជមានមួយក្រោយការប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក។ កិច្ចព្រមព្រៀងនេះ មិនត្រឹមតែផ្ដល់ឱកាសឱ្យកុមារបានចូលរៀនវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ និងការស្វែងរកសន្តិភាពយូរអង្វែងសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាទាំងមូល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY