ព័ត៌មានអន្តរជាតិ

ព័ត៌មានថៃជាច្រើនចុះផ្សាយថា មនុស្សជាច្រើននាក់រងរបួស ដោយសារតែយន្តហោះជួបស្ថានភាពឃ្លីងឃ្លោងខ្លាំងលើអាកាសនៅភូកេត ខណៈមន្ត្រីអាកាសចរណ៍ច្រានចោលព័ត៌មាននេះ

image

ភូកេត, ថៃឡង់ដ៍៖ នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ការភ្ញាក់ផ្អើលមួយបានកើតមានឡើងបន្ទាប់ពីជើងហោះហើរ EY416 របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលហោះហើរចេញពីទីក្រុងអាប៊ូដាប៊ី ស្រាប់តែប្រឈមមុខនឹងស្ថានភាពឃ្លីងឃ្លោងខ្លាំងនៅលើអាកាស ខណៈរៀបចុះចតនៅកោះភូកេត ។

ប្រភពព័ត៌មានថៃជាច្រើនចែកចាយនៅតាមបណ្តាញសង្គម និងគេហទំព័រមួយចំនួន ដោយយោងតាមផេកហ្វេសប៊ុករបស់រដ្ឋបាលខេត្តភូកេត បានចុះផ្សាយថា មានអ្នកដំណើរជាច្រើននាក់បានទទួលរងរបួស ហើយក្រុមគ្រូពេទ្យកំពុងត្រៀមលក្ខណៈសង្គ្រោះបន្ទាន់នៅព្រលានយន្តហោះ។ ព័ត៌មាននេះបានធ្វើឱ្យមានក្ដីបារម្ភយ៉ាងខ្លាំង ។

ក្រោយមក ព្រលានយន្តហោះអន្តរជាតិភូកេត និងការិយាល័យអន្តោប្រវេសន៍ បានចេញមកបដិសេធ និងបកស្រាយបំភ្លឺថា មិនមានអ្នកដំណើរណាម្នាក់រងរបួសឡើយ។ មន្ត្រីព្រលានយន្តហោះ បានពន្យល់ថា មូលហេតុដែលមានការរៀបចំក្រុមគ្រូពេទ្យ និងឡានសង្គ្រោះបន្ទាន់យ៉ាងច្រើននៅចំណតលេខ ១៥ នោះ គឺដោយសារតែខាងក្រុមហ៊ុនអាកាសចរណ៍បានផ្ដល់ដំណឹងមុនពេលចុះចតថា យន្តហោះស្ថានភាពឃ្លីងឃ្លោង ហើយមិនទាន់ដឹងច្បាស់ពីចំនួនអ្នករបួសឡើយ។ ដូច្នេះ ដើម្បីសុវត្ថិភាព ខាងព្រលានក៏បានរៀបចំក្រុមសង្គ្រោះត្រៀមចាំជាមុនតាមនីតិវិធីអន្តរជាតិ។ យន្តហោះបានចុះចតដោយសុវត្ថិភាពនៅម៉ោង ១១:៥០ នាទីព្រឹកថ្ងៃដដែលនេះ។ ក្រោយការពិនិត្យជាក់ស្ដែង អ្នកដំណើរទាំង ១៦០ នាក់ និងបុគ្គលិកយន្តហោះ មិនមាននរណាម្នាក់មានរបួសឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Phuket News/ The Nation Thailand | រូបភាព៖ Eakkapop Thongtub/ AoT Phuket via The Phuket News