ព័ត៌មានអន្តរជាតិ

ទីក្រុងបាងកក ជាប់លេខ១២ ជាទីក្រុងដែលមានគុណភាពខ្យល់អាក្រក់បំផុតលើពិភពលោក

image



បាងកក, ថៃឡង់ដ៍៖ ទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់ទី១២ ក្នុងចំណោមទីក្រុងដែលមានគុណភាពខ្យល់អាក្រក់បំផុតនៅលើពិភពលោក ខណៈកម្រិតភាគល្អិតនៃធូលីពុល (PM2.5) បានហក់ឡើងខ្ពស់ខ្លាំង។ ចំណែកឯទីក្រុងដេល្លី (Delhi) នៃប្រទេសឥណ្ឌា នៅតែបន្តស្ថិតក្នុងតំណែងលេខ១ ជាទីក្រុងដែលមានការបំពុលខ្យល់ខ្លាំងជាងគេបំផុត ។

យោងតាមសន្ទស្សន៍គុណភាពខ្យល់ (IQAir) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ គុណភាពខ្យល់ (AQI) របស់ទីក្រុងបាងកក បានកើនឡើងសន្ទស្សន៍ដល់ ១៦១ ដែលត្រូវបានចាត់ចូលក្នុង «តំបន់ពណ៌ក្រហម»។ កម្រិតនេះមានន័យថា គុណភាពខ្យល់មិនល្អ និងផ្តល់គ្រោះថ្នាក់ដល់សុខភាពសម្រាប់មនុស្សគ្រប់វ័យ ។

ខាងក្រោមនេះ គឺជាសន្ទស្សន៍គុណភាពខ្យល់ (AQI) នៅតាមទីក្រុងក្នុងប្រទេសនីមួយ៖
ក្រុងដេល្លី ប្រទេសឥណ្ឌា៖ ២៩១
ដ្ហាកា បង់ក្លាដេស្ហ - ២៤៧
ឆឹងទូ ប្រទេសចិន - ២២៨
ហាណូយ, វៀតណាម - ២១១
កុលកាតា ឥណ្ឌា - ២០៩
ការ៉ាជី, ប៉ាគីស្ថាន - ១៩៥
ក្រុងគុយវ៉ែត ប្រទេសគុយវ៉ែត - ១៨៤
ឡាហ័រ ប្រទេសប៉ាគីស្ថាន - ១៨៤
ចុងឈីង ប្រទេសចិន - ១៨៣
ឌូបៃ អារ៉ាប់រួម - ១៧២
កាថ្មាន់ឌូ ប្រទេសណេប៉ាល់ - ១៧០
បាងកក ប្រទេសថៃ - ១៦១
អ៊ូហាន ប្រទេសចិន - ១៦០

សន្ទស្សន៍ AQI នេះ ត្រូវបានវាស់វែងដោយផ្អែកលើសារធាតុបំពុលចំនួន ៦ ប្រភេទ រួមមាន៖ ធូលីល្អិត PM2.5, PM10(ធូលីដែលយើងអាចមើលឃើញនឹងភ្នែកទទេ), ឧស្ម័នអូហ្សូន, កាបូនម៉ូណូអុកស៊ីត, អាសូតឌីអុកស៊ីត និងស្ពាន់ធ័រឌីអុកស៊ីត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបថត៖ Thai Times/ Anusak Laowilas/NurPhoto via Getty Images