ព័ត៌មានជាតិ

គម្រោងវិនិយោគចំនួន ៩ មានទុនសរុប ៦៧លានដុល្លារ ស្នើសុំចុះបញ្ជីវិនិយោគនៅកម្ពុជា

image



ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ៣ពាន់កន្លែង។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ៣ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មទាំង ៩គម្រោងនេះ រួមមាន ខារអំបោះនិងជ្រលក់ពណ៌, ផលិតម្សៅកាល់ស្យូមធុនធ្ងន់ ម្សៅកាល់ស្យូមអ៊ីដ្រុកស៊ីត និងម្សៅបៀកជញ្ជាំង, ផលិតត្រីខកំប៉ុងនិងទឹកត្រី, ផលិតវ៉ែនតានិងសម្ភារៈបន្ទាប់បន្សំវ៉ែនតាគ្រប់ប្រភេទ, ផលិតគ្រឿងតុបតែងសក់, ផលិតអំពូលភ្លើង បរិក្ខារអគ្គិសនី និងម៉ាស៊ីនបូមធូលី, ផលិតសំបកកំប៉ុង និងគម្របកំប៉ុង, ផលិតដើមណូអែល គ្រឿងលម្អដើមណូអែល និងគ្រឿងបន្លាស់ដើមណូអែល, ផលិតអំពូលភ្លើង អំពូលភ្លើងលម្អគ្រប់ប្រភេទនិងសម្ភារៈបន្ទាប់បន្សំអំពូលភ្លើង)។

សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង៩ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងបាត់ដំបង៕

អត្ថបទ៖ ចេង ឆហួត