ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក ផ្ញើសារថា ជារឿងមិនចាំបាច់ឡើយ ដែលអាម៉េរិកត្រូវគ្រប់គ្រងកោះហ្គ្រីនលែន

image


ដាណឺម៉ាក៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស ឡុកគី រ៉ាសមូសិន (Lars Lokke Rasmussen) បានសង្កត់ធ្ងន់ជាថ្មីថា ជារឿង «មិនចាំបាច់ទាល់តែសោះ» ដែលសហរដ្ឋអាមេរិកត្រូវ «ទិញយកកោះហ្គ្រីនឡែន (Greenland)» ។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បានថ្លែងបែបនេះ រួមជាមួយរដ្ឋមន្ត្រីការបរទេសហ្គ្រីនលែន លោកស្រី វីវៀន ម៉ុតហ្វៀល (Vivian Motzfeldt) បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងតានតឹងជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ (ទី១៤ ខែមករា) ជុំវិញបំណងរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក្នុងការចង់គ្រប់គ្រងដែនដីមួយនេះ ។
លោកបានហៅការជជែកគ្នាជាមួយអនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វែន (JD Vance) និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) ថាជាការជជែកដោយ «ស្មោះត្រង់ និងថ្លៃថ្នូរ» ប៉ុន្តែនៅមិនទាន់អាចដោះស្រាយការខ្វែងគំនិតគ្នាជាមូលដ្ឋានពាក់ព័ន្ធនឹងបំណងកាន់កាប់កោះហ្គ្រីនលែន ពីសំណាក់មេដឹកនាំអាម៉េរិក បានឡើយ ។
ដោយឡែក តាមរយៈបណ្ដាញសង្គមទ្រូសសូសល់ (Truth Social) លោកប្រធានាធិបតី ត្រាំ បានលើកឡើងថា៖ «សហរដ្ឋអាម៉េរិកត្រូវការកោះហ្គ្រីនឡែន ដើម្បីសន្តិសុខជាតិ ក៏ព្រោះតែដែនដីនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធការពារមីស៊ីលហ្គោលដិនដូម (Golden Dome) ដែលយើងកំពុងអនុវត្តដំណាក់កាលសាងសង់» ។
លោកត្រាំ បានលើកឡើងជាបន្តថា «អង្គការណាតូ (NATO) គួរតែបើកផ្លូវឱ្យយើងទទួលបានវា (ហ្គ្រីនលែន)។ ប្រសិនបើអាម៉េរិកយកមិនបាននោះទេ នោះរុស្ស៊ី ឬចិន នឹងយកវាមិនខានឡើយ ហើយយើងមិនបណ្តោយឱ្យរឿងនេះកើតឡើងបានទេ!»។ លោកបានបន្ថែមថា អង្គការណាតូ នឹងកាន់តែមានឥទ្ធិពល និងប្រសិទ្ធភាព ប្រសិនបើហ្គ្រីនលែនស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិក ។
កាលពីថ្ងៃអង្គារ មេដឹកនាំកោះហ្គ្រីនលែន លោក ជែន ហ្វ្រ៊ីឌើរីក នែលសិន (Jens Frederik Nielsen) បានលើកឡើងថា «ហ្គ្រីនលែន នឹងមិនក្លាយជាកម្មសិទ្ធិរបស់អាម៉េរិក ហើយក៏នឹងមិនក្លាយជាផ្នែកណាមួយរបស់អាម៉េរិកដែរ។ យើងជ្រើសរើសហ្គ្រីនលែនដែលយើងស្គាល់សព្វថ្ងៃ ដែលជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាក» ។ ត្រង់ចំណុចនេះ លោកចង់បញ្ជាក់ជំហរថា «ប្រជាជនរបស់លោកចង់រក្សាស្ថានភាពរស់នៅ និងនយោបាយដូចបច្ចុប្បន្ន ដែលជាផ្នែកមួយនៃដាណឺម៉ាក ជាជាងការក្លាយជាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិក» ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងជាមួយអាម៉េរិក ខណៈលោកត្រាំ ប្ដេជ្ញាគ្រប់គ្រងកោះនេះឱ្យខាងតែបាន «តាមវិធីណាក៏ដោយ»។ ក្នុងនោះ ប្រទេសអង់គ្លេស បារាំង និងអាឡឺម៉ង់ បានស្នើបញ្ជូនកងទ័ពណាតូ (NATO) ទៅកាន់តំបន់នោះ ដែលរបាយការណ៍ខ្លះយល់ថា ជាការជួយសម្រាលភាពភ័យខ្លាចរឿងសន្តិសុខរបស់លោកត្រាំ ខណៈខ្លះទៀតយល់ថា ជាការរារាំងមហិច្ឆតារបស់ប្រធានាធិបតីអាម៉េរិករូបនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ BBC on MSN | រូបភាព៖ EPA/Shutterstock/ Pixabay/ AP via Indian Express