ព័ត៌មានអន្តរជាតិ

មនុស្ស២នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដងស្ទូចក្នុងការដ្ឋាន សង្កត់រថយន្ត២គ្រឿងនៅខេត្តសាមុតសាខន ប្រទេសថៃ

image

ថៃឡង់ដ៍៖ តាមរយៈការបង្ហោះសារជូនដំណឹងជាបឋមដោយទំព័រហ្វេសប៊ុកក្រុមអ្នកសង្គ្រោះ ហ្វាយអ័រ អ៊ែន រ៉េសឃ្យូស ថៃលែន ( Fire & Rescue Thailand ឱ្យដឹងនៅមុននេះបន្តិចថា «នៅវេលាម៉ោង ៩:១៥ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ នេះ មានហេតុការណ៍បាក់ដងស្ទូចមួយករណី បានកើតឡើងនៅលើផ្លូវរាមា២ (Rama 2) ជិតសណ្ឋាគារ Paris ក្នុងខេត្តសាមុតសាខន ប្រទេសថៃ ។

របាយការណ៍បឋមបញ្ជាក់ថា ដងស្ទូចនោះបានបាក់សង្កត់លើរថយន្តដែលកំពុងធ្វើដំណើរចំនួន ២គ្រឿង បណ្ដាលឱ្យមនុស្ស២នាក់បានបាត់បង់អាយុជីវិត។ បច្ចុប្បន្ន ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់កាត់ដែក ដើម្បីជួយទាញយកជនរងគ្រោះចេញពីក្នុងរថយន្ត ។

គួររម្លឹកថា នេះជាករណីបាក់ដងស្ទូចក្នុងការដ្ឋានសំណង់មួយផ្សេងទៀត ក្រៅពីករណីបាក់ដងស្ទូចដែលបានកើតឡើងកាលពីថ្ងៃពុធ ទី១៤ ខែមករា ដោយបានសម្លាប់មនុស្ស ៣២នាក់ បាត់ខ្លួន៣នាក់ របួសជាង ៦០នាក់នៅក្នុងខេត្តនគររាជសីមា នៅពេលដងស្ទូចក្នុងការដ្ឋានសំណង់ស្ពានរថភ្លើងល្បឿនលឿនបាក់សង្កត់លើរថភ្លើងដែលកំពុងធ្វើដំណើរ បណ្ដាលឱ្យធ្លាក់ផ្លូវ និងរងការខូចខាតយ៉ាងដំណំ ៕

អត្ថបទប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Fire & Rescue Thailand | Khaosod English