ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា បញ្ជាទិញយន្តហោះចំនួន ៤០គ្រឿង ពីប្រទេសចិន និងសហរដ្ឋអាម៉េរិក បន្ទាប់ពីទទួលបានយន្តហោះចំនួន ៣គ្រឿងពីបារាំង ក្នុងឆ្នាំ២០២៥
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (Air Cambodia) កំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការរីកចម្រើន និងការប្រកួតប្រជែងក្នុងតំបន់ តាមរយៈកម្មវិធីទិញយន្តហោះដ៏មហិច្ឆតា ដែលបង្ហាញពីទំនុកចិត្តដ៏រឹងមាំលើអនាគត របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ។
យុទ្ធសាស្ត្របង្កើនការទិញយន្តហោះដឹកអ្នកដំណើរ និងទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានេះ បង្ហាញពីការផ្តោតលើយន្តហោះទំនើបៗ និងសន្សំសំចៃប្រេង ដើម្បីគាំទ្រដល់កំណើនអ្នកដំណើរ និងប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា បានទទួលយន្តហោះប្រភេទ ATR72-600 ថ្មីស្រឡាងចំនួន ៣គ្រឿងពីប្រទេសបារាំងក្នុងឆ្នាំ ២០២៥ ដែលពង្រឹងប្រតិបត្តិការហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ខ្លួនយ៉ាងខ្លាំង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា។
ដើម្បីបំពេញបន្ថែមប្រតិបត្តិការដែលកំពុងរីកចម្រើនរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញយន្តហោះ COMAC C909 ជំនាន់ថ្មីចំនួន ២០គ្រឿងពីប្រទេសចិន។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គ្រោងនឹងដាក់ដំណើរការយន្តហោះ C909 ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្មកងយន្តហោះរបស់ប្រទេសកម្ពុជាសម្រាប់រយៈពេលវែង ប្រកបដោយភាពធន់ និងការប្រកួតប្រជែងទីផ្សាអាកាសចរណ៍នៅក្នុងតំបន់។
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា ក៏បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រីកបណ្តាញផ្លូវហោះហើរមធ្យមរបស់ខ្លួន ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយ ដើម្បីទិញយន្តហោះ Boeing 737 MAX 8 ចំនួន ២០គ្រឿងពីសហរដ្ឋអាមេរិក។
តាមផែនការ ក្រុមហ៊ុន គ្រោងនឹងដាក់ឲ្យប្រើប្រាស់យន្ដហោះ Boeing 737 MAX 8 ចំនួន ១០គ្រឿង ក្នុងដំណាក់កាលដំបូង នៅឆ្នាំ២០៣១។ ការទិញយកនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍លើកំណត់ត្រាសុវត្ថិភាពយន្តហោះ បច្ចេកវិទ្យាទំនើប និងដំណើរការសេដ្ឋកិច្ច ក៏ដូចជាមហិច្ឆតារបស់ខ្លួនក្នុងការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់។ ការបញ្ជាទិញយន្តហោះពីសហរដ្ឋអាម៉េរិកនេះដែរ គឺជាផ្នែកមួយដ៏សំខាន់នៃការបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរទទួលបានជោគជ័យលើការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការកាលពីខែតុលា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីសម្ពោធស្លាកសញ្ញា និងរចនាលើតួអាកាសយានថ្មី នាព្រឹកថ្ងៃទី ១៥ខែមករា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងអំណរគុណ និងកោតសរសើរ ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាល បារាំង និងក្រុមហ៊ុនផលិតអាកាសយាន ATR បារាំង ដែលបានជួយជ្រោមជែងលក់យន្តហោះថ្មីទំនើបចុងក្រោយបំផុតរបស់ខ្លួនប្រភេទ ATR72-600 ចំនួន ៣គ្រឿង ជូនក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា ព្រមទាំងបានជួយបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សលើវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏កោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានខិតខំសម្រេចសមិទ្ធផលសំខាន់ៗ ដូចជា ទើបបានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីទទួលបានយន្តហោះប្រភេទថ្មីៗបន្ថែមទៀត ជាមួយក្រុមហ៊ុនប៊ូអីងរបស់សហរដ្ឋអាម៉េរិក (Boeing Company) និងក្រុមហ៊ុនកូម៉ាក់របស់ប្រទេសចិន (COMAC Company) ព្រមទាំងការពង្រីកជើងហោះហើរថ្មីៗ ទោះបីជាព្រះរាជាណាចក្រកម្ពុជាកំពុងជួបប្រទះសង្គ្រាមព្រំដែន ដែលបង្កឡើងដោយប្រទេសថៃ និងស្ថានភាពពិភពលោកកំពុង ស្ថិតនៅក្នុងភាពប្រទាញប្រទង់ទីតាំងភូមិសាស្ត្រនយោបាយ សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងសង្គ្រាមមជ្ឈិមបូព៌ាជាដើមក៏ដោយ។
លោកបណ្ឌិតបានបន្ថែមថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏ប្រឈម និងលំបាកនេះក្តី រដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅតែជាដៃគូយុទ្ធសាស្ត្រជាមួយវិស័យឯកជនទាំងអស់ ក្នុងការបន្តខិតខំជំរុញឱ្យមានកំណើនការដឹកជញ្ជូនអ្នកធ្វើដំណើរ និងទំនិញតាមផ្លូវអាកាស ធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ដើម្បីចូលរួមចំណែកក្នុងការ អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការទិញយកយន្តហោះ ATR, COMAC និង Boeing ជារួមតំណាងឱ្យផែនការពង្រីកកងយន្តហោះដ៏មានមហិច្ឆតាបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ ការបង្កើនទិញយន្តហោះនេះ គឺស្របពេលក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា ទទួលបានប្រាក់ចំណេញរយៈពេល ៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០២៣ ដោយបញ្ច្រាសការខាតបង់ពីមុន៕