ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មការអឺរ៉ុប លើកឡើងថា ការសម្រេចចិត្តណាមួយស្ថិតលើដាណឺម៉ាក និងហ្គ្រីនលែនប៉ុណ្ណោះ

image

អឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ើស៊ូឡា វ៉ុនឌើឡេយ៉េន (Ursula von der Leyen) បានចេញមុខគាំទ្រកោះហ្គ្រីនលែនយ៉ាងពេញទំហឹង ដោយបញ្ជាក់ថាមានតែដាណឺម៉ាក និងហ្គ្រីនលែន (Greenland) ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចលើជោគវាសនាដែនដីខ្លួនឯង មិនមែនសហរដ្ឋអាម៉េរិកឡើយ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល កាលពីថ្ងៃពុធ លោកស្រីបានលើកឡើងជាបន្តថា «ហ្គ្រីនលែនអាចទុកចិត្តលើពួកយើងបាន» ក្នុងអំឡុងមានភាពរកាំរកូសជាបន្តបន្ទាប់ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាដែនដីរបស់ដាណឺម៉ាកមួយនេះ ។

លោកស្រីមានប្រសាសន៍ថា «ហ្គ្រីនលែនគឺជាកម្មសិទ្ធិរបស់ប្រជាជនកោះនេះខ្លួនឯង ដែលមានន័យថា វាអាស្រ័យលើដាណឺម៉ាក និងហ្គ្រីនលែនតែប៉ុណ្ណោះ ក្នុងការសម្រេចចិត្តលើបញ្ហាដែលពាក់ព័ន្ធនឹងពួកគេ ហើយហ្គ្រីនលែនគឺជាផ្នែកមួយនៃអង្គការណាតូ (NATO)»។លោកស្រីបន្ថែមថា វាជារឿងសំខាន់ដែលប្រជាជនហ្គ្រីនលែនត្រូវដឹង ហើយពួកគេដឹងរឿងនេះតាមរយៈទង្វើ មិនមែនត្រឹមតែសម្ដីនោះទេ គឺពួកយើងគោរពតាមបំណងប្រាថ្នារបស់ពួកគេ ហើយពួកគេពិតជាអាចពឹងផ្អែកលើពួកយើងបាន» ។

ដោយឡែក លោកប្រធានាធិបតីត្រាំ នៅតែបន្តជំរុញមហិច្ឆតាចង់គ្រប់គ្រងកោះហ្គ្រីនលែន ដោយអះអាងថា វាជាចំណុចយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់ការពារជាតិអាម៉េរិក និងគម្រោងខែលការពារមីស៊ីលហ្គោលដិនដូម (Golden Dome) ដោយលោកអះអាងថា បើអាម៉េរិកមិនទទួលបានកោះនេះ ប្រទេសជាសត្រូវនឹងយកឱ្យខាងតែបាន នោះវានឹងក្លាយជាគ្រោះមហន្តរាយ ។

ទោះជាបែបណាក្ដី មេដឹកនាំកោះហ្គ្រីនលែន បានធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះបំណងរបស់លោកត្រាំ ដោយបញ្ជាក់ជំហរយ៉ាងរឹងមាំថា កោះនេះមិនមែនសម្រាប់លក់ ឬឱ្យអាម៉េរិកគ្រប់គ្រងឡើយ គឺពួកគេសុខចិត្តស្ថិតនៅក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកដូចបច្ចុប្បន្ន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Euro News/ AP via Indian Express/ AFP