សត្វត្រយ៉ង ក្លាយជាអត្តសញ្ញាណថ្មីលើតួអាកាសយានរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (Air Cambodia) បានសម្ពោធស្លាកសញ្ញា និងរចនាបទថ្មីលើតួអាកាសយាន ដោយយករូបសត្វត្រយ៉ង ដែលជាសត្វស្លាបតំណាងជាតិកម្ពុជា ជានិមិត្តរូប ដើម្បីបង្ហាញអត្តសញ្ញាណជាតិ និងពង្រឹងភាពទាក់ទាញរបស់ក្រុមហ៊ុននៅលើឆាកអន្តរជាតិ។
ថ្លែងក្នុងពិធីសម្ពោធស្លាកសញ្ញា និងរចនាលើតួអាកាសយានថ្មី នាព្រឹកថ្ងៃទី ១៥ខែមករា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអបអរសាទរជាមួយក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលថ្មីមួយទៀត គឺការផ្លាស់ប្តូរស្លាកសញ្ញាថ្មី បន្ទាប់ពីបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនពីក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ មកជាក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ និងការផ្លាស់ប្តូររចនាលើតួអាកាសយានថ្មី ជាមួយនឹងអាកាសយានប្រភេទ ATR72-600 ថ្មីស្រឡាង ដែលទើបនាំចូលយកមកប្រើប្រាស់ពីរោងចក្រផលិត អាកាសយាននៅប្រទេសបារាំង។
លោកបណ្ឌិតបានលើកឡើងថា ស្លាកសញ្ញាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលបានទទួលការសម្រេចពី រាជរដ្ឋាភិបាលកម្ពុជាផងដែរ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ នូវតួនាទីកាន់តែសំខាន់ថែមទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ លើការបង្ហាញអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកទាំងមូល ព្រមបានទាំងឆ្លុះបញ្ចាំងនូវភាពរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌ និងប្រជាជន នៅព្រះរាជណាចក្រកម្ពុជា តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស។
លោកបានគូសបញ្ជាក់ថា នៅក្នុងការរចនាស្លាកសញ្ញាថ្មីនេះ គឺបានយកអត្តសញ្ញាណសត្វត្រយ៉ងជាស្នូល ដែលជាសត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពារ រឹងមាំ និងទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ នៅពេលមានការធ្វើដំណើរហោះហើររបស់សត្វត្រយ៉ងស្លាបរបស់សត្វត្រយ៉ង ត្រូវបានរចនាចេញ ជាម៉ាស៊ីនអាកាសយាន ដោយមានមុខរណារបឺតខ្យល់ចំនួន១៨ ដែលតំណាង ឱ្យបច្ចេកវិទ្យា រក្សាលំនឹង និងការរីកចម្រើន។ ចំណែកអត្តសញ្ញាណពណ៌ត្រូវ បានជ្រើសរើសមានបីពណ៌ជាមូលដ្ឋាន គឺពណ៌ខៀវ ក្រហម និងស ដែលតំណាងឱ្យទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានឲ្យដឹងផងដែរថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏ប្រឈម និងលំបាកនេះក្តី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅតែជាដៃគូយុទ្ធសាស្ត្រ ជាមួយវិស័យឯកជនទាំងអស់ ក្នុងការបន្តខិតខំជំរុញឱ្យមានកំណើនការដឹកជញ្ជូនអ្នកធ្វើដំណើរ និងទំនិញតាមផ្លូវអាកាស ធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ និងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធអាកាសចរណ៍ ដើម្បីចូលរួមចំណែកក្នុងការ អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២៥ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៦ ដែលបានតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសកលលោក ទៅកាន់ ៥២ទីក្រុង និង១៨ប្រទេស និងតំបន់រដ្ឋបាលពិសេស ហើយទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាស ចំនួនជិត ៧លាននាក់ កើនឡើង១២% ធៀបឆ្នាំ២០២៤៕