ព័ត៌មានជាតិ

CMAC បើកវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់មន្ត្រីបន្តវេនជិត ១០០នាក់

image



កំពង់ឆ្នាំង៖ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺន
បច្ចេកទេសបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត២ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ជំនាន់ទី៥ ជូនដល់មន្ត្រីបន្តវេនជិត ១០០នាក់។

លោក ឈិន ប៊ុនរ៉ាន នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះជាការបង្កើនសមត្ថភាព វិជ្ជាជីវៈ និងជំនាញបច្ចេកទេសជូនដល់សិក្ខាកាម ជាមន្ត្រីបន្តវេន ចំនួន ៨២នាក់ ដែលកំពុងបំពេញភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានានូវសុវត្តិភាព ប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ។

លោក ឈិន ប៊ុនរ៉ាន បានឲ្យដឹងថា វគ្គហ្វឹហហ្វឺននេះមានរយៈពេល ៥៩២ម៉ោង លើទ្រឹស្តី (ក្នុងថ្នាក់) និងការអនុវត្តជាក់ស្តែង ចំនួន ១២ខែ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំសិក្សា រៀនសូត្រ និងអនុវត្តជាក់ស្តែងតាមការបង្ហាត់បង្ហាញពីគ្រូបង្គោល ដោយយកចិត្តទុកដាក់ខ្ពស់ និងពង្រឹងវិន័យខ្ពស់បំផុត​ ព្រោះថាការ
បោសសម្អាតសំណល់សង្គ្រាមជាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត​ ដូចនេះ​ជាភារកិច្ចមិនអាចមានការធ្វេសប្រហែសបានឡេីយ ជាពិសេសវិជ្ជាជីវៈនេះ​ បានចូលរួមចំណែកផ្តល់នូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិដ៏កំសត់របស់យេីង។

សូមបញ្ជាក់ថា វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម៕