ប៉ុន្មានថ្ងៃនេះ ប្រទេសថៃ ជួបគ្រោះថ្នាក់ផ្ទួនៗ ដូចជាករណីបាក់ដងស្ទូចសម្លាប់មនុស្សជាច្រើននាក់ លេចធ្លាយសារធាតុគីមី អគ្គិភ័យឆាបឆេះ និងខ្យល់កខ្វក់ជាដើម
ថៃឡង់ដ៍៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសថៃ បានជួបនូវឧបទ្ទវហេតុផ្ទួនៗគ្នា។ ក្នុងចំណោមនោះ កាលពីវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ មានហេតុការណ៍អគ្គិភ័យមួយករណី បានឆាបឆេះទុយោជ័របង្ហូរទឹក នៅម្ដុំសសរស្ពាន ភូមិបុល២ (Bhumibol 2) ខាងផ្នែកផ្លូវប៉ឆាវ (Poo Chao) (ខេត្តសាមុតប្រាកាន) ជាយទីក្រុងបាងកក។ នេះបើយោងតាមការជូនដំណឹងរបស់ក្រុមជួយសង្គ្រោះហ្វាយអ័រ អ៊ែន រ៉េសឃ្យូស ថៃលែន (Fire & Rescue Thailand) នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ។
បើតាមកាសែតខៅសូត (Khaosod English) បានឱ្យដឹងបន្ថែមដែរថា ស្ពានខាងលើនេះ មានកម្ពស់ជាង៤០ម៉ែត្រ។ ប្រភពទាំងពីរខាងលើនេះ មិនបានបញ្ជាក់លម្អិតបន្ថែមទៀតនោះទេ ។
ដោយឡែក កាលពីថ្ងៃពុធ ទី១៤ ខែមករា មានហេតុការណ៍បាក់ដងស្ទូចក្នុងការដ្ឋានសាងសង់ស្ពានរថភ្លើងល្បឿនលឿន និងរលំសង្កត់ពីលើរថភ្លើងអ្នកដំណើរ រហូតបណ្ដាលឱ្យមនុស្ស ៣២នាក់ស្លាប់ ៣នាក់រកសាកសពមិនឃើញ និងជាង ៦០នាក់រងរបួស។ ហេតុការណ៍នេះ កើតឡើងនៅឯខេត្តនគររាជសីមា ។
នៅមួយថ្ងៃបន្ទាប់ ពោលគឺនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ក៏ស្រាប់តែមានករណីបាក់ដងស្ទូចមួយផ្សេងទៀតក្នុងការដ្ឋានសំណង់ស្រដៀងគ្នានេះ ដោយធ្លាក់សង្កត់លើរថយន្តពីរគ្រឿង ព្រមទាំងបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ក្នុងខេត្តសមុទ្រសាគរ (សាមុតសាខន) ។
នាព្រឹកថ្ងៃដដែលនោះ មានករណីក្រឡាប់ឡានដឹកកម្មកររោងចក្រ បណ្ដាលឱ្យមនុស្ស ៤២នាក់រងរបួសធ្ងន់ស្រាល និងស្ត្រីម្នាក់ជាប់ក្នុងរថយន្ត។ ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវមុខតំបន់ឧស្សាហកម្មពីនថង៣ (Pinthong 3) ខេត្តឈុនបុរី ។
មួយករណីផ្សេងទៀត បានកើតឡើងនៅខេត្តសមុទ្រប្រាកាន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ដដែលនោះ ដោយអាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋប្រមាណជា ៥០នាក់ទៅកាន់មន្ទីរពេទ្យ ក្រោយមានករណីធ្លាយសារធាតុគីមីងាយឆេះ Ethyl Acetate ចូលទៅក្នុងប្រឡាយទឹកស្អុយនៅក្បែរសហគមន៍មួយក្នុងខេត្តសាមុតប្រាកាន។ហេតុការណ៍នេះបង្កឡើងដោយកំហុសបច្ចេកទេសរបស់បុគ្គលិកបច្ចេកទេសក្រុមហ៊ុនដែលតភ្ជាប់បំពង់បង្ហូរខុស អំឡុងកំពុងផ្ទេរជាតិគីមីពីកប៉ាល់ ដោយនាំឱ្យសារធាតុគីមីហូរចូលប្រឡាយ បណ្ដាលឱ្យសាយភាយក្លិនឈួលខ្លាំងធ្វើឱ្យអ្នកភូមិមានរោគសញ្ញាវិលមុខ ចង់ក្អួត ណែនទ្រូង និងរលាកភ្នែកជាខ្លាំង ។
ក្នុងពេលដំណាលគ្នា ប្រទេសថៃក៏កំពុងតែរងគ្រោះដោយសារបញ្ហាធម្មជាតិផងដែរ ក្នុងនោះ មានសេចក្ដីរាយការណ៍ថា គុណភាពខ្យល់នៅក្នុងទីក្រុងបាងកក គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ នេះ កំពុងស្ថិតនៅក្នុងកម្រិត «មិនល្អចំពោះសុខភាព» ដោយសារតែការកើនឡើងនូវកំហាប់ភាគល្អិតធូលីពុល ឬ PM2.5។
យោងតាមកម្មវិធីអាយឃ្យូអ៊ែរ (IQAir) នេះគឺជាថ្ងៃទី៣ ជាប់ៗគ្នាហើយសម្រាប់រាជធានីរបស់ប្រទេសថៃ ខណៈបច្ចុប្បន្ន បាងកកកំពុងឈរនៅលេខរៀងទី ១៨ ក្នុងចំណោមទីក្រុងធំៗដែលមានការបំពុលខ្យល់ខ្លាំងបំផុតនៅលើពិភពលោក ៕
អត្ថបទប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod English/ Khaosod Online/ Fire & Rescue Thailand/ Others