ព័ត៌មានជាតិ

រដ្ឋសភា បានពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ

image

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែមករានេះ បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដោយបានពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។

នៅក្នុងសម័យប្រជុំរដ្ឋសភានេះដែរ មានតំណាងរាជរដ្ឋាភិបាល ចូលមកបកស្រាយសេចក្តីព្រាងច្បាប់នេះ ជូនសមាជិក សមាជិការដ្ឋសភា ស្តីពីសារៈសំខាន់នៃការស្នើសុំរដ្ឋសភាពិភាក្សាអនុម័ត លើអនុសញ្ញាអង្គ ការសហប្រជាជាតិស្ដីពីនីតិសមុទ្រដើម្បីក្លាយជាច្បាប់សម្រាប់ទុកអនុវត្ត។  

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ អនុសញ្ញានេះ កំណត់អំពីក្របខ័ណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវា ចរណ៍តាមផ្លូវសមុទ្រសិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុង ការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច , កិច្ចការពារបរិស្ថានព្រម ទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប ។

ការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមានសមុទ្រ ទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញសម្រាប់កិច្ចការសមុទ្រ, ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិ ទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងការពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ, ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រជាដើម ។

បន្ទាប់ពីបានពិភាក្សា និងសួរដេញដោល តំណាងរួចមក សម័យប្រជុំពេញអង្គរដ្ឋសភា បានអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដោយសំឡេងភាគច្រើនលើសលុប តាមសំណើររាជរដ្ឋាភិបាល ៕

អត្ថបទ៖ វង សុភ័ក្ត្រ