ព័ត៌មានជាតិ

ក្រសួងការងារ និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាពិភាក្សាពីយុទ្ធសាស្ត្រពង្រឹងកម្លាំងពលកម្មកម្ពុជា ក្នុងយុគសម័យ AI

image

ភ្នំពេញ៖ លោក គួច សុមាន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី “ការកែលម្អរចនាសម្ព័ន្ធកម្លាំងពលកម្ម ក្នុងអំឡុងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងការផ្លាស់ប្តូរដោយបញ្ញាសិប្បនិមិត្ម AI” ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM Cambodia)។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកើតចេញពីភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា ជាពិសេសផលប៉ះពាល់ពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិត្ម (AI) មកលើទីផ្សារការងារ។

វេទិកានេះបានក្លាយជាកន្លែងជួបជុំគ្នារវាងអ្នករៀបចំគោលនយោបាយ និងថ្នាក់ដឹកនាំធុរកិច្ច ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រកសាងកម្លាំងពលកម្មកម្ពុជាឱ្យកាន់តែមានភាពធន់ អាចបត់បែនបាន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ឱកាសការងារនាពេលអនាគត។

ក្នុងឱកាសនោះ លោក គួច សុមាន បានសង្កត់ធ្ងន់តាមរយៈសុន្ទរកថាគន្លឹះថា ការអភិវឌ្ឍមូលធនមនុស្សគឺជាសសរស្តម្ភអាទិភាពបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងពិពិធកម្ម។ ជាមួយគ្នានេះ លោក បានលើកឡើងពីវិធានការឆ្លើយតបយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល រួមមានកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ១,៥ លាននាក់ និងការរៀបចំគោលនយោបាយជាតិសំខាន់ៗលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីធានាឱ្យបាននូវការការពារសិទ្ធិ និងសុវត្ថិភាពដល់កម្មករនិយោជិតទាំងអស់។

ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការបានផ្តល់នូវទស្សនវិស័យថា កម្ពុជាត្រូវតែបើកចិត្តទទួលយកការរៀនសូត្រពេញមួយជីវិត និងបង្កើនការវិនិយោគលើធនធានមនុស្ស ដើម្បីប្រែក្លាយបញ្ហាប្រឈមនៃបច្ចេកវិទ្យា AI ឱ្យទៅជាឱកាសមាសសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ការរួមគ្នានេះ មិនត្រឹមតែជួយការពារផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងធានានូវសមធម៌ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏រឹងមាំក្នុងការនាំកម្ពុជាឱ្យឈានទៅសម្រេចបាននូវគោលដៅ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕