សមាគមលើកកម្ពស់ម្រេចកំពត៖ ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចជាង ១១២តោន ទៅកាន់ទីផ្សារក្រៅប្រទេស កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤
កំពត៖ នៅក្នុងឆ្នាំ២០២៥ កម្ពុជា នាំចេញម្រេចបានប្រមាណជាង ១១២តោន ទៅកាន់ទីផ្សារក្រៅប្រទេស ដោយរកចំណូលបានជាង ២លានដុល្លារអាម៉េរិក កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤ ស្របពេលដែលសមាគមលើកកម្ពស់ម្រេចកំពត បានចាត់ទុកនៅឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះថា ជាឆ្នាំដ៏ល្អប្រសើរមួយសម្រាប់ទីផ្សារម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ GI របស់កម្ពុជា។
លោក ស៊ីម សុទុម ប្រធានគណៈប្រតិបត្តិរបស់សមាគមលើកកម្ពស់ម្រេចកំពត បានប្រាប់ CNC ឲ្យដឹងថា តម្លៃម្រេចកំពតនៅឆ្នាំ២០២៥ មានតម្លៃខ្ពស់ជាងឆ្នាំមុនៗ ដោយនៅក្នុងនោះម្រេចខ្មែរអាចលក់បានក្នុងតម្លៃ ១៧ដុល្លារ, ម្រេចក្រុហម ២៧ដុល្លារ, សម្រេច ស ៣០ដុល្លារ និងម្រេចខ្ចី ១០ដុល្លារ ក្នុង ១គីឡូក្រាម។ ជាមួយគ្នានេះតម្លៃម្រេចកំពតមានកំណើននាំចេញនេះ ត្រូវបានជំរុញជាចម្បងដោយសារការបញ្ជាទិញមានការកើនឡើងគួបផ្សំទិន្នផលមានការកើនឡើងខ្ពស់ផងដែរ។
លោកគូសបញ្ជាក់ថា ចំពោះម្រេចកំពតនៅឆ្នាំ២០២៦នេះវិញ ត្រូវបានដំឡើងថ្លៃចន្លោះពី ២ ទៅ ៣ដុល្លារនៅក្នុង ១គីឡូក្រាមបន្ថែមទៀត ដើម្បីជំរុញការដាំដុះដំណាំម្រេចនេះ និងជួយលើកស្ទួយទឹកចិត្តកសិករជាដើម។
លោក ស៊ីម សុទុម បានបន្តឲ្យដឹងថា ផ្ទៃដីដាំដុះគ្របដណ្តប់លើខេត្តចំនួន ២ គឺខេត្តកំពត និងកែប ដោយខេត្តកំពតមាន ៤ស្រុក និងខេត្តកែប មាន២ក្រុងស្រុក។ បច្ចុប្បន្នសមាជិកសរុប ៣៧៣សមាជិក ក្នុងនោះ ៣៤៤ ជាផលិតករ និង ២៩ ជាក្រុមហ៊ុន។ ចំណែក ចំនួនជន្លង់សរុបមានជាង ៥៦ម៉ឺន, ជន្លង់ឲ្យផលសរុបជិត ៤០ម៉ឺន និងផ្ទៃដីដាំដុះចំនួនជាង ២២ម៉ឺនហិកតា។
សូមជម្រាបថា ម្រេចកំពតរបស់កម្ពុជាប្រមាណ ៨៥% ត្រូវបាននាំចេញទៅលក់នៅលើទីផ្សារក្រៅប្រទេស ជាពិសេសទីផ្សារបារាំង, អាល្លឺម៉ង់, កូរ៉េ, រុស្សី, អាម៉េរិច, ឆែក និងសិង្ហបុរី ជាដើម ខណៈប្រមាណ ១៥% សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក៕
អត្ថបទ៖ ចេង ឆហួត