គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លុបចោលបំណុលដល់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសារយោធិនពលី ប្រមាណ ១លានដុល្លារ
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលបំណុលប្រមាណ ១លានដុល្លារ ដល់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី និងអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ ដែលបង្ហាញពីការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន។
យោងតាមសេចក្តីប្រកាសព័ត៌មានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា រយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះ។ លទ្ធផលសំខាន់ៗនៃការអនុវត្តវិធានការទាំងនេះរួមមានការលើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារ សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។
ទន្ទឹមគ្នានេះ គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលុបចោលបំណុល (ទាំងប្រាក់ដើម និងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារ សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការបាត់បង់ចំណូលរបស់ពួកគេ ព្រមទាំងបានរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ ដើម្បីសម្រាលសំពាធហិរញ្ញវត្ថុជូនដល់ជនភាសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។
លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៃអង្គាសថវិកាតាមរយៈកម្មវិធីសប្បុរសធម៌របស់សមាគម និងគ្រឹះស្ថានសមាជិក ដោយទទួលថវិកាចំនួន ៣៤០.០០០ដុល្លារ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់នានា យកទៅបរិច្ចាគជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅក្នុងខេត្តរងផលប៉ះពាល់។
វិធានការដែលបានលើកឡើងលើនេះ ត្រូវបានអនុវត្តស្របពេលជាមួយនឹងការអនុវត្តការរៀបចំឥណទានឡើងវិញ និងវិធានការជួយអតិថិជនផ្សេងៗ តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនដែលរងផលប៉ះពាល់នៅតែអាចទទួលបានសេវាហិរញ្ញវត្ថុដោយមិនមានសម្ពាធហិរញ្ញវត្ថុបន្ថែម។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយគ្រឹះស្ថានសមាជិក ប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន ហើយនិងបន្តអនុវត្តវិធានការជួយសម្រាលបន្ទុកអតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់កងទ័ពជួរមុខ និងការស្តារសហគមន៍រងផល់បះពាល់ឡើងវិញ៕