កម្ដៅនយោបាយថយចុះ ក្រោយលោកត្រាំ បង្ហាញសម្ដីស្រទន់ជាងមុន ជុំវិញសម្ពាធផ្នែកយោធាលើអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ ជុំវិញសំណួររបស់អ្នកកាសែតកាលពីថ្ងៃទី១៤ ខែមករា ថាតើលោកត្រាំ លុបចោលគម្រោងវាយប្រហារយោធាលើអ៊ីរ៉ង់ឬនៅ? លោក ដូណាល់ ត្រាំ បានឆ្លើយតបដោយថ្លែងទៅកាន់អ្នកកាសែតវិញថា លោកនឹង «តាមដានមើលបន្តទៀតសិន» ។
ចម្លើយនេះ ហាក់បង្ហាញថាលោកត្រាំ បានដកថយមួយជំហានពីមាត់ជ្រោះនៃសង្គ្រាម បន្ទាប់ពីមានព័ត៌មានថាការវាយប្រហារតាមអាកាសជិតកើតឡើង ។
លោកត្រាំ រៀបរាប់បន្ថែមថា «យើងទទួលបានដំណឹងថា ការសម្លាប់នៅអ៊ីរ៉ង់កំពុងតែបញ្ឈប់ ហើយអាជ្ញាធរអ៊ីរ៉ង់ មិនមានគម្រោងប្រហារជីវិតអ្នកតវ៉ាឡើយ»។ នេះទំនងជាសញ្ញាបង្ហាញថា លោកចង់ឱ្យស្ថានការណ៍ត្រជាក់ចុះវិញ ។
ពាក់ព័ន្ធនឹងសម្ដីស្រទន់ជាងមុនរបស់មេដឹកនាំអាម៉េរិករូបនេះ ក៏ហាក់នាំឱ្យស្ថានការណ៍នៅអ៊ីរ៉ង់ ថមថយកម្ដៅវិញហើយ ពោលគឺស្ថានភាពនៅតាមដងផ្លូវនានាក្នុងរដ្ឋធានីតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ បានវិលត្រឡប់មករកភាពស្ងប់ស្ងាត់វិញហើយ ដោយគ្រាន់តែមានផ្ទាំងគំនូខ្លះ បានបង្ហាញអក្សររិះគន់ការជ្រៀតជ្រែកពីបរទេស ខណៈកន្លែងខ្លះមានតាំងបង្ហាញរថយន្តសង្គ្រោះបន្ទាន់ដែលបន្សល់ទុកដោយស្នាដៃរបស់បាតុករជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Elizabeth Frantz via Reuters/ VIORY