កសិដ្ឋានចិញ្ចឹមខ្យងគជ់ តម្លៃ ៣០០លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់ នៅក្នុងខេត្តកំពង់ធំ នាពេលឆាប់ៗខាងមុខនេះ
កំពង់ធំ៖ គម្រោងវិនិយោគលើការចិញ្ចឹមខ្យងគជ់តម្លៃ ៣០០លានដុល្លារ នឹងត្រូវបើកសម្ពោធការរដ្ឋាសាងសង់ នៅក្នុងខេត្តកំពង់ធំ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកសិដ្ឋានចិញ្ចឹមស្វាដ៏ធំមួយរបស់ក្រុមហ៊ុនអាម៉េរិក River Laboratories (Cambodia) នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ។
ទោះយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ពុំបានលើកឡើងលម្អិតពីសមត្ថភាពផលិតកម្ម នៃគម្រោងចិញ្ចឹមខ្យងគជ់នេះនៅឡើយទេ។
ខ្យងគជ់ គឺជាប្រភេទពូជខ្យងម្យ៉ាង ដែលគេចិញ្ចឹម ដើម្បីយកគជ់របស់វាផលិតជា ព័ក្ស សម្រាប់កែច្នៃជាគ្រឿងអលង្ការមានតម្លៃ ដូចជាខ្សែដៃ ខ្សែក និងគ្រឿងលម្អផ្សេងទៀត។
គម្រោងចិញ្ចឹមខ្យងគជ់នេះ នឹងក្លាយជាសមិទ្ធផលមួយក្នុងការរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានលើកឡើងថា ក្រៅពីគម្រោងខាងលើ ខេត្តកំពង់ធំ ដែលធ្លាប់ជាខេខេត្តពលរដ្ឋជិះទៅហួសមកហួស បាននិងកំពុងទទួលបានគម្រោងវិនិយោគថ្មីៗ កាន់តែ ពិសេស គម្រោងកសិដ្ឋានចិញ្ចឹមសត្វស្វាតម្លៃ ៥០០លានដុល្លាររបស់អាម៉េរិក ដែលទើបតែបើកសម្ពោធដំណើរការកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦នេះ។
ក្រៅពីនេះ ក៏មានគម្រោងអភិវឌ្ឍសួនឧស្សាហកម្មស្វាយចន្ទី ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងលេចចេញជារូបរាង នាពេលខាងមុខនេះ, គម្រោងសួនកសិ-ឧស្សាហកម្ម ដែលរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ ទើបចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសិក្សាសមិទ្ធិលទ្ធភាពកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ សម្រាប់ការកែច្នៃកសិផលនានា នៅលើផ្ទៃដីប្រមាណ៣០០ហិកតា ព្រមទាំងគម្រោងវារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាច្រើនទៀត។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ បានរៀបចំ និងដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍមួយចំនួន ពិសេសរាជរដ្ឋាភិបាលបាននិងកំពុង ធ្វើការវិនិយោគលើវិស័យជាច្រើន ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សាធារណៈក្នុងខេត្តកំពង់ធំចំនួន ៣៧០គម្រោង ក្នុងទឹកប្រាក់ ប្រមាណជាង ១ពាន់៥រយលានដុល្លារអាម៉េរិក៕