ព័ត៌មានអន្តរជាតិ

ស្ថានភាពក្នុងទីក្រុងតេហ៍រ៉ង់ ស្ងប់ស្ងាត់មកវិញហើយ ក្រោយអ៊ីរ៉ង់ប្រឈមភាពចលាចលជាច្រើនសប្ដាហ៍

image



តេហ៍រ៉ង់, អ៊ីរ៉ង់៖ តាមដងផ្លូវនានាក្នុងរដ្ឋធានីតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ ហាកវិលត្រឡប់មករកភាពស្ងប់ស្ងាត់វិញហើយ បន្ទាប់ពីភាពចលាចលនៃការតវ៉ាអស់រយៈពេលជាច្រើនសប្ដាហ៍បានថមថយចុះ ខណៈប្រធានាធិបតីអាម៉េរិក បានចាប់ផ្ដើមប្រើសម្ដីស្រទន់ជាងមុន កាលពីយប់ថ្ងៃពុធ។ តាមរយៈខ្សែវីដេអូកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញពីទិដ្ឋភាពចរាចរណ៍ក្នុងទីក្រុង បានវិលត្រឡប់មកសភាពធម្មតាវិញហើយ រួមជាមួយនឹងផ្ទាំងបដាថ្មីៗ និងគំនូរលើជញ្ជាំង ប៉ុន្តែក៏នៅមានបន្សល់ទុកនូវរថយន្តសង្គ្រោះដែលត្រូវបានបំផ្លាញក្នុងអំឡុងកុបកម្មផងដែរ ។

នៅលើផ្លូវវ៉ាលីយ៉ា (Valiasr) កណ្ដាលក្រុង គេឃើញមានផ្ទាំងបដាយ៉ាងធំបង្ហាញពីដៃក្ដាប់ទង់ជាតិអ៊ីរ៉ង់យ៉ាងណែន (ខ្លះមានរុំរបួស)។ លើសពីនេះ គេក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យដែលរងការដុតបំផ្លាញ ត្រូវបានដាក់តាំងបង្ហាញនៅតាមដងផ្លូវ ជាមួយផ្លាកសរសេរថា «រថយន្តពន្លត់អគ្គិភ័យក្នុងក្រុងតេហ៍រ៉ង់ ត្រូវបានវាយប្រហារដោយក្រុមអ្នកធ្វើកុបកម្ម កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា»។ ទន្ទឹមនឹងនោះ មានផ្ទាំងបដាមួយចំនួនទៀត បានចោទប្រកាន់បរទេសថានៅពីក្រោយការញុះញង់នេះ ។

ជុំវិញសំណួរកាលពីថ្ងៃពុធ ថាតើលោកលុបចោលគម្រោងវាយប្រហារយោធាលើអ៊ីរ៉ង់ឬនៅ? លោក ដូណាល់ ត្រាំ បានឆ្លើយតបដោយថ្លែងទៅកាន់អ្នកកាសែតថា លោកនឹង «តាមដានមើលបន្តទៀតសិន»។ ចម្លើយនេះ ហាក់បង្ហាញថាលោកត្រាំ បានដកថយមួយជំហានពីមាត់ជ្រោះនៃសង្គ្រាម បន្ទាប់ពីមានព័ត៌មានថាការវាយប្រហារតាមអាកាសជិតកើតឡើង។ លោកត្រាំ រៀបរាប់បន្ថែមថា «យើងទទួលបានដំណឹងថា ការសម្លាប់នៅអ៊ីរ៉ង់កំពុងតែបញ្ឈប់ ហើយអាជ្ញាធរអ៊ីរ៉ង់ មិនមានគម្រោងប្រហារជីវិតអ្នកតវ៉ាឡើយ»។ នេះទំនងជាសញ្ញាបង្ហាញថា លោកចង់ឱ្យស្ថានការណ៍ត្រជាក់ចុះវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Elizabeth Frantz via Reuters