ចំណុចរបត់ថ្មី! រដ្ឋមន្ត្រីការបរទេសកាណាដា បំពេញទស្សនកិច្ចនៅចិនជាលើកដំបូង ក្នុងរយៈពេល៨ឆ្នាំ
កាណាដា-ចិន៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី អានីតា អាណាន់ (Anita Anand) បានជួបពិភាក្សាជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi) នៅឯរដ្ឋធានីប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។ ដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងបំផុត បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះដុនដាបខ្លាំង ដោយសារតែករណីចាប់ខ្លួនលោកស្រី ម៉េង វិនជូ (Meng Wanzhou) នាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហ៊ួវៃ (Huawei) នៅទីក្រុងវ៉ាន់ឃូវើ (Vancouver) ប្រទេសកាណាដា កាលពីឆ្នាំ២០១៨ ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) មានប្រសាសន៍ថា «នេះគឺជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដាមកកាន់ប្រទេសចិន ជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ ហើយជាចំណុចរបត់ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី»។ លោកបានបន្ថែមថា ចិនមានបំណងពង្រឹងការប្រាស្រ័យទាក់ទង បង្កើនទំនុកចិត្ត លុបបំបាត់ការរំខាន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកាណាដាឱ្យកាន់តែរឹងមាំ និងជោគជ័យក្នុងស្ថានភាពថ្មីនេះ ។
គួររំឭកថា ជម្លោះនេះ បានចាប់ផ្ដើមឡើងបន្ទាប់ពីលោកស្រី ម៉េង វិនជូ (Meng Wanzhou) ដែលជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនហ៊ួវៃ (Huawei) ត្រូវអាជ្ញាធរឃាត់ខ្លួននៅព្រលានយន្តហោះក្នុងប្រទេសកាណាដា កាលពីខែធ្នូ ឆ្នាំ២០១៨ តាមសំណើរបស់សហរដ្ឋអាម៉េរិក។ ជាការឆ្លើយតប កាលនោះចិនក៏បានចាប់ឃុំខ្លួនជនជាតិកាណាដាពីររូបផងដែរ គឺអ្នកប្រឹក្សាយោបល់ម្នាក់ និងអតីតអ្នកការទូតម្នាក់ ដែលធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរផ្ដាច់ទំនាក់ទំនងគ្នាយ៉ាងយូរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Carlos Osorio via REUTERS/ VIORY