អាម៉េរិក រឹបអូសនាវាដឹកប្រេងមួយគ្រឿងទៀតឈ្មោះ វ៉េរ៉ូនីកា នៅសមុទ្រការីបៀន ដោយចោទថា បំពានបម្រាមទណ្ឌកម្ម
សហរដ្ឋអាម៉េរិក៖ តាមរយៈខ្សែវីដេអូដែលបញ្ចេញដោយបញ្ជាការដ្ឋានភាគខាងត្បូងរបស់អាម៉េរិក បានបង្ហាញពីសកម្មភាពទាហានអាម៉េរិកសម្រូតខ្លួនតាមខ្សែពួរពីលើឧទ្ធម្ភាគចក្រ ចុះមកលើដំបូលនាវាដឹកប្រេងមួយគ្រឿងឈ្មោះ វ៉េរ៉ូនីកា (Veronica) នៅក្នុងសមុទ្រការីបៀន (Caribbean) កាលពីថ្ងៃព្រហស្បតិ៍ ។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «នៅក្នុងប្រតិបត្តិការមុនពេលថ្ងៃរះ កងទ័ពជើងទឹក និងនាវិកមកពីកងកម្លាំងចម្រុះនៃប្រតិបត្តិការសោតធើនស្ពៀរ (Southern Spear) ដោយមានការគាំទ្រពីក្រសួងសន្តិសុខមាតុភូមិ បានចេញដំណើរពីនាវាចម្បាំងយូអេសអេស ជើរ៉ល់ អា.ហ្វដ (USS Gerald R. Ford) ហើយបានឃាត់នាវាដឹកប្រេង វ៉េរ៉ូនីកា (Veronica) ដោយជោគជ័យ និងគ្មានការប៉ះទង្គិចអ្វីឡើយ» ។
ប្រភពដដែលបន្តថា «នាវាវ៉េរ៉ូនីកា (Veronica) គឺជានាវាចុងក្រោយគេដែលបានដំណើរការបំពានលើបម្រាមរបស់ប្រធានាធិបតី ត្រាំ ចំពោះនាវាដែលជាប់ទណ្ឌកម្មក្នុងសមុទ្រការីបៀន ហើយនេះសបញ្ជាក់ជាថ្មីពីប្រសិទ្ធភាពនៃប្រតិបត្តិការសោតធើនស្ពៀរ (Southern Spear)» ។
ការរឹបអូសនេះ បានកើតឡើងបន្ទាប់ពីប្រតិបត្តិការស្រដៀងគ្នាកាលពីសប្តាហ៍មុន ដែលអាម៉េរិកបានចាប់នាវា អូលីណា (Olina) និងនាវាពីរគ្រឿងទៀតឈ្មោះ សូភៀ (Sophia) និងប៊ែលឡាវ័ន (Bella One) ឬម៉ារីននីរ៉ា (Marinera)។ ចំពោះនាវាម៉ារីននីរ៉ា (Marinera) ក្រសួងដឹកជញ្ជូនរុស្ស៊ី បានបញ្ជាក់ថា ជាវានាដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ទង់ជាតិរុស្ស៊ី ។
ក្នុងនោះ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសសកម្មភាពនៃការចាប់នាវានេះថាជា «អំពើខុសច្បាប់» និងជាការ «រំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់សមុទ្រអន្តរជាតិ ព្រោះវាជានាវាស៊ីវិល។ ជាការបញ្ជាក់បន្ថែម អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀន ហ្សាខារ៉ូវ៉ា (Maria Zakharova) ឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដោះលែងនាវិកជនជាតិរុស្ស៊ីចំនួន ២នាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY