ព័ត៌មានអន្តរជាតិ

លោកពុទីន លើកឡើងថា រុស្ស៊ី និងអាហ្វ្រិក ចងភ្ជាប់គ្នាដោយភាពជាដៃគូពិតប្រាកដ និងគាំទ្រគ្នាទៅវិញទៅមក

image

រុស្ស៊ី៖ ក្នុងពិធីទទួលសារតែងតាំងឯកអគ្គរដ្ឋទូតថ្មីៗនៅវិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) បានថ្លែងថា រុស្ស៊ី និងអាហ្វ្រិកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងនាមជា «ដៃគូពិតប្រាកដ និងជួយគ្នាទៅវិញទៅមក» ។

លោកបានបញ្ជាក់ថា «រុស្ស៊ី និងបណ្តាប្រទេសទាំងអស់នៅទ្វីបអាហ្វ្រិក បានផ្សារភ្ជាប់គ្នាដោយទំនាក់ទំនងមិត្តភាពតាំងពីសម័យកាលដែលអាហ្វ្រិកតស៊ូដើម្បីសេរីភាព និងឯករាជ្យភាពមកម្ល៉េះ។ ប្រទេសរុស្ស៊ី បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយប្រទេសអាហ្វ្រិកឱ្យរួចផុតពីការជិះជាន់ពីអាណានិគម, ជួយកសាងរដ្ឋ, អភិវឌ្ឍសេដ្ឋកិច្ច សង្គម រួមទាំងបណ្ដុះបណ្ដាល និងបំពាក់សម្ភារៈដល់កងកម្លាំងប្រដាប់អាវុធផងដែរ» ។

លោក ពុទីន ក៏បានសង្កត់ធ្ងន់ថា រដ្ឋធានីមូស្គូកំពុងផ្ដោតលើការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌ជាមួយអាហ្វ្រិក ហើយនឹងបន្តគាំទ្រដល់ការអភិវឌ្ឍ និងការចូលរួមរបស់អាហ្វ្រិកក្នុងកិច្ចការអន្តរជាតិ។ លោកបន្ថែមថា នាពេលនេះ រុស្ស៊ីកំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូល រុស្ស៊ី-អាហ្វ្រិក លើកទី៣ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំនេះ ។

គួរបញ្ជាក់ថា ពិធីនេះមានការចូលរួមពីឯកអគ្គរដ្ឋទូតមកពី ៣៤ ប្រទេស រួមមាន ឯកអគ្គរដ្ឋទូតមកពីអឺរ៉ុប អាម៉េរិកឡាទីន មជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY