ព័ត៌មានអន្តរជាតិ

លោកពុទីន សង្ឃឹមបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអឺរ៉ុបមួយចំនួន នាពេលអនាគត

image

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន បានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសអឺរ៉ុបមួយចំនួន (ដែលទើបតែបញ្ជូនឯកអគ្គរដ្ឋទូតថ្មីមកកាន់រុស្ស៊ី) កំពុងស្ថិតក្នុងស្ថានភាព «ផ្អាកជាបណ្ដោះអាសន្ន» នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកសង្ឃឹមថា «នៅពេលខាងមុខ ស្ថានការណ៍នឹងប្រែប្រួល» ខណៈលោកធ្វើជាអធិបតីក្នុងពិធីទទួលសារតែងតាំងពីអ្នកការទូតថ្មីៗមកពីជុំវិញពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ។

លោករៀបរាប់ទៀតថា «ជាមួយបណ្តាប្រទេសអឺរ៉ុបដែលមានវត្តមាននៅទីនេះ រួមមាន ស្លូវេនី បារាំង សាធារណរដ្ឋឆែក ព័រទុយហ្គាល់ ន័រវែស ស៊ុយអែត អូទ្រីស ស្វីស និងអ៊ីតាលី គឺយើងសុទ្ធតែមានប្រវត្តិសាស្ត្ររួមគ្នាដ៏យូរអង្វែង ដែលពោរពេញទៅដោយគំរូនៃភាពជាដៃគូមានប្រយោជន៍ និងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក» ។

លោកពុទីន បានបន្តថា «កិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ ខ្ញុំជឿជាក់ថា នៅពេលខាងមុខ ស្ថានការណ៍នឹងផ្លាស់ប្តូរ ហើយប្រទេសរបស់យើងនឹងបន្តការសន្ទនាបែបស្ថាបនា និងវិលមករកភាពប្រក្រតីឡើងវិញ ដោយផ្អែកលើការគោរពផលប្រយោជន៍ជាតិ និងកង្វល់សន្តិសុខស្របច្បាប់របស់គ្នាទៅវិញទៅមក។ រុស្ស៊ីនៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ ហើយត្រៀមខ្លួនជាស្រេចក្នុងការស្តារទំនាក់ទំនងឡើងវិញ» ។

លោកបានបន្ថែមថា «ដូចដែលខ្ញុំបានបញ្ជាក់ជាញឹកញាប់ យើងបើកចំហចំពោះកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយគ្រប់ប្រទេសទាំងអស់ ដោយគ្មានការបែងចែក។ សូមលោក លោកស្រី ជឿជាក់ចុះថា រាល់គំនិតផ្តួចផ្តើមដែលល្អៗរបស់អស់លោកអ្នក នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលរុស្ស៊ី អាជ្ញាធរ សហគ្រិន និងសង្គមស៊ីវិល» ។

គួររំឭកថា ពិធីប្រគល់សារតែងតាំងនេះ បានធ្វើឡើងនៅឯវិមានក្រឹមឡាំង ដោយមានការចូលរួមពី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើជី ឡាវរ៉ូវ (Sergei Lavrov) និងឯកអគ្គរដ្ឋទូតមកពី ៣៤ ប្រទេស រួមមានបណ្ដាប្រទេសអឺរ៉ុប អាម៉េរិកឡាទីន មជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY